• English
  • ភាសាខ្មែរ
  • Chinese

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំ សមាជិក សមាជិកា និងក្រុមការងារ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំ សមាជិក សមាជិកា និងក្រុមការងារ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ សហជីពរួមគ្នាធ្វើឲ្យសហគ្រាសមួយ ជាសហគមសុខសាន្តមួយ។ ពិធីនេះមានការអញ្ជើញចូលរួមពីអង្គការសមាគមជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំសហភាព សហជីព ព្រមទាំងកម្មករនិយោជិត នៅកម្ពុជាប្រមាណជាង ៣ពាន់នាក់ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

 

ក្នុងឱកាសនេះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានឱ្យដឹងថា ការជួបជុំនេះបង្ហាញពីភាពរីកចម្រើនក្នុងវិស័យការងារ ឧស្សាហកម្មនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ហើយបានផ្តល់ឱកាសដល់ឱ្យកម្មករនិយោជិតបានឈប់សម្រាក ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីជួបជុំសម្តែងមតិបញ្ចេញនូវទស្សនៈ និងកង្វល់នានាដើម្បីផ្សាភ្ជាប់និងដំណោះស្រាយសម្រាប់ពួកគាត់។

 

លោក លី វិចិត្រ បានឲ្យដឹងបន្ដថា ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណងមិត្តភាពរវាងសហជីពនិងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិ សេរីភាព យ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យកម្ពុជាមានការរីកចម្រើនគ្រប់វស័យ ក្រោមម្លប់សន្តិភាព។

 

លោកប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានចូលរួមអនុវត្តសិទ្ធិសេរីភាពរបស់កម្មករនិយោជិតនៅកន្លែងការងារ ការអនុវត្តតាមអនុលោមភាពនៃអនុសញ្ញាអន្តរជាតិ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព បានយ៉ាងល្អប្រសើរជាពិសេសគឺ ភាពសុខដុមនីយកម្មក្នុងវិស័យការងារ និងកំណើនសេដ្ឋកិច្ចក្នុងប្រទេសប្រកបដោយចីរភាព ។

 

លោកបានអំពាវនាវដល់កម្មករនិយោជិត និងសហជីពទាំងអស់ ទោះក្នុងនិន្នាការណាក៏ដោយ ត្រូវធ្វើយ៉ាងណាចូលរួមរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និិងសេចក្តីថ្លៃថ្នូរ មេត្តាកុំជឿតាមការញុះញង់ ដែលបង្កដោយក្រុមប្រឆាំងមួយចំនួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក៏ដូចជាប៉ះពាល់ដល់វិស័យការងារក្នុងប្រទេសកម្ពុជាយើង៕

Related posts