• English
  • ភាសាខ្មែរ
  • Chinese

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា៖ កម្ពុជាជ្រើសរើសយកផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាដោយភាពចាស់ទុំ តែថៃវិញជ្រើសរើសយកការបិទព្រំដែន និងការដាក់សម្ពាធលើកម្ពុជា គឺជាការដោះស្រាយបែបក្មេងខ្ចី

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានឱ្យដឹងថា ការបិទព្រំដែនពីសំណាក់ភាគីថៃ មិនមែនដោយសារតែសង្គ្រាម ឬការឈ្លានពាននោះទេ តែមកពីកម្ពុជាបដិសេធមិនចរចាលើបញ្ហាដែលត្រូវវិនិច្ឆ័យដោយច្បាប់។

ដោយឡែក ការណ៍ដែលកម្ពុជា សម្រេចលើកយកចំណុចជម្លោះទាំង៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ គឺជាការដោះស្រាយបញ្ហាប្រកបដោយភាពនឹងនរ ត្រឹមត្រូវតាមច្បាប់ និងដោយសេចក្ដីថ្លៃថ្នូរ។

លោក បានបន្ថែមថា កម្ពុជាមិនបានបង្កឱ្យភាពតានតឹងកើនឡើងនោះទេ តែកម្ពុជាបានដោះស្រាយបញ្ហាប្រកបដោយភាពចាស់ទុំ។ ចំណែកថៃវិញ បែរជាសម្រេចចាត់វិធានការបិទព្រំដែន, ចោទប្រកាន់ទម្លាក់កំហុស និងដាក់សម្ពាធជាបន្តបន្ទាប់ ជំនួសឱ្យកិច្ចសន្ទនា។

លោក លី វិចិត្រ គូសបញ្ជាក់ថា មាគ៌ាដែលកម្ពុជាជ្រើសរើសនេះ [ប្ដឹងទៅតុលាការ ICJ]​ ជាមធ្យោបាយដែលអាចប្រើពេលបន្តិច តែជាជម្រើសប្រកបដោយយុត្តិធម៌។

ជាមួយគ្នានេះ លោកប្រធានសហភាពសហជីពរូបនេះ បានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងប្រជាជនកម្ពុជា បន្តរួបរួមគ្នា និងរក្សាភាពនឹងនរ ថែរក្សាសុខសន្ដិភាពដែលមាន និង មិនត្រូវធ្លាក់ចូលអន្ទាក់នៃក្ដីព្រួយបារម្ភ ឬការខឹងសម្បារ ដែលអាចធ្វើឱ្យមានជម្លោះរវាងពូជសាសន៍ និងពូជសាសន៍ ធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចជាតិប្រទេសទាំងពីរ៕