ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយទឹកចិត្តសោមនស្សរីករាយ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិកសមាជិកា សហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលជាអង្គការវិជ្ជាជីវៈតំណាងឱ្យកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ, ផលិតស្បែកជើង និងកាបូប ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតក្នុង ឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” រួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលនឹងក្លាយជាកាលបរិច្ឆេទ នៃការចងចាំប្រវត្តិសាស្ត្រ និងមានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត ភ្លឺថ្លា បានបន្តដឹកនាំ ផ្តល់យោបល់ និងណែនាំដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រាប់បន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រនៃការចងចាំដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើត ចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរូបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់ វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវអំណរសាទរ និងសូមរំលឹកគុណដល់វីរភាពដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំនូវការរួបរួមការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ក្នុងការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។