• English
  • ភាសាខ្មែរ
  • Chinese

លោក លី វិចិត្រ បន្ដចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនវីរៈកងទ័ពដែលការពារនៅតំបន់ប្រាសាទតាមាន់

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានសហការណ៍ជាមួយ លោក អ៊ូ រតនា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ជូនដល់វីរ:កងទ័ពដែលកំពុងការពារព្រំដែនប្រចាំទិសប្រាសាទតាមាន់ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ក្នុងឱកាសសំណេះសំណាល លោក លី វិចិត្រ បានសួរសុខទុក្ខ ដល់បងប្អូនវីរៈកងទ័ពជួរមុខទាំងអស់ដោយក្តីនឹករលឹក ។ លោក លី វិចិត្រ បានមានប្រសាសន៍ថា ក្នុងនាមលោកជាប្រធានមូលនិធិ រួមនិងក្រុមការងារ ក៏ដូចជាតំណាងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់ បងប្អូនវីរៈកងទ័ព ដែលបានខិតខំការពារទឹកដី ក្នុងស្មារតីមោះមុត និងដើម្បីបុព្វហេតុជាតិ ទប់ទល់នឹងសត្រូវឈ្លានពាន ។ លោកប្រធានមូលនិធិ ក៏បានគោរពស្ញប់ស្ញែងចំពោះភាពក្លាហាន និងភាពអត់ធ្ងត់របស់បងប្អូនកងទ័ពដែលគោរពបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ថ្នាក់លើ ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្រ្តីកម្ពុជា ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាព។  ហើយជាពិសេសទៀតនោះ សូម្បីតែបងប្អូនប្រជាជាតិខ្មែរ ទាំងក្នុងទាំងក្រៅប្រទេស ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការរួបរួមសាមគ្គីគ្នាយ៉ាងខ្លាំងក្លាទូទាំងប្រទេស។

ជាចុងក្រោយលោក លី វិចិត្រ រួមនិងក្រុមការងារសូមជូនពរដល់គ្រួសារវីរៈកងទ័ពទាំងអស់ សូមសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

បន្ទាប់ពីសួរសុខទុក្ខ និងសំណេះសំណាលរួច ក្រុមការងារ បានឆ្លៀតទៅពិនិត្យមើលទីតាំងនៅវត្តតាមាន់សែនជ័យ ដែលរងការខូចខាតទាំងស្រុង ពីការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 និងគ្រាប់បែកចង្កោមរបស់យោធាថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលជាការឈ្លានរបស់យោធាថៃមកលើទឹកដីខ្មែរ។

នៅថ្ងៃដដែលនេះផងដែរ លោក លី វិចិត្រ និងក្រុមការងារក៏បានធ្វើដំណើរបន្តទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ ដល់បងប្អូនកងទ័ពដែលកំពុងការពារព្រំដែននៅចំណុច ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលជាតំបន់កំពុងមានសភាពតានតឹងនៅឡើយ ដោយសារយោធាថៃបានរាយបន្លាលួសព័ទ្ធយកដីប្រជាពលរដ្ឋ គប់គ្រាប់បែកផ្សែង បាញ់កាំភ្លើងផ្សែងផ្លោង និងគ្រាប់ជំពាមមកលើពលរដ្ឋខ្មែរ យ៉ាងឃោឃៅ បណ្តាលឲ្យមានរបួស ព្រះសង្ឃ កងកម្លាំងកម្ពុជា និងពលរដ្ឋស៊ីវិល យ៉ាងហោច ជាង២៧ អង្គនាក់ កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា៖ មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានចូលរួមឧបត្ថម្ភជំនួយ ដល់វីរៈកងទ័ពរួមមាន៖ អង្ករ ១តោន មី៣០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ទឹកសុទ្ធ ៥០កេស ធូបមូស ១កេសធំ រួមនិងថវិការចំនួន ២លានរៀល៕