កំពង់ឆ្នាំង៖នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក វេត វី និងក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពបងប្អូនកម្មករ-កម្មការិនីចំនួន ៩នាក់ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។
ក្រុមគ្រួសារនៃសពបងប្អូនកម្មករទាំង ៩នាក់ បច្ចុប្បន្នកំពុងរស់នៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសចុះសួរសុខទុក្ខផ្ទាល់ដល់លំនៅឋាននោះ លោក វេត វី និងក្រុមការងារ ក៏បាននាំយកថវិកាចូលរួមបុណ្យសព ដើម្បីជួយសម្រាលបន្ទុកគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១០០,០០០ រៀល សរុបជាថវិការួមចំនួន ៩០០,០០០ រៀល។
ឆ្លៀតក្នុងទិដ្ឋភាពដ៏ក្រៀមក្រំ និងអួលដើមកនោះ លោក វេត វី ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក៏ដូចជាសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសពទាំងអស់ផងដែរ។
ទន្ទឹមនឹងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ថ្នាក់ដឹកនាំ និងក្រុមការងារសហភាពសហជីព ក៏បានបួងសួង និងជូនពរដល់បងប្អូនកម្មករដែលកំពុងរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នោះទាំងអស់ ឱ្យបានឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អបរិបូរណ៍ឡើងវិញ ដើម្បីបានត្រឡប់មកជួបជុំក្រុមគ្រួសារ និងបន្តការងារប្រកបរបរចិញ្ចឹមជីវិតជាធម្មតាវិញក្នុងពេលឆាប់ៗខាងមុខនេះ៕














