រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅការរកឃើញរបស់សង់ត្រាល់ ថា គ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិត នៃវិស័យកាត់ដេរនៅកម្ពុជា និងគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ ។ ការចេញេសេចក្តីថ្លែងការណ៍ និងប្រតិកម្មបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់បានចេញរបាយការណ៍កាលពីថ្ងៃទី ៤ ខែមិថុនាកន្លងទៅស្តីពីសេរីភាពសហជីពនៅកម្ពុជា ។
ខ្លឹមសារទាំងស្រុងនៃសេចក្ដីថ្លែងការណ៍របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា៖
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ដែលតំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកជាង ៤ម៉ឺននាក់ ដែលកំពុងធ្វើការងារ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ នៅកន្លែងការងារ នៅពេលដែល យើងខ្ញុំទាំងអស់គ្នាបានឃើញនូវសកម្មភាពរបស់អង្គការ សង់ត្រាល់។
សកម្មភាព អង្គការសង់ត្រាល់ នេះមិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទាំងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការសង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់ អារម្មណ៍អ្នកវិនិយោគទុនដែលមានស្រាប់ និងអ្នកវិនិយោគដែលកំពុងត្រៀមមកវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាពអង្គការ សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជៈឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងាររបស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់ទូទាំងប្រទេសកម្ពុជា។
យើងខ្ញុំសូមបញ្ជាក់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ស្ដីពី សេរីភាពសហជីពក្នុងប្រទេសកម្ពុជា គឺមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ។ កម្មករនិយោជិតយើងសព្វថ្ងៃតែទទួលបាននូវលក្ខខណ្ឌការងារប្រសើរ និងសមរម្យ ទាំងប្រាក់ឈ្នួល និងលក្ខខណ្ឌផ្សេងៗ។ ផ្ទុយទៅវិញ របាយការណ៍ដែលអង្គការសង់ត្រាល់នេះចេញមក គឺកំណត់តែមតិភាគតិចយកមកសន្និដ្ឋានជារួម ដែលធ្វើឱ្យរបាយការណ៍នេះ គ្មានមូលដ្ឋាន និងមិនអាចទទួលយកបាន ដែលវាយតម្លៃទៅលើស្ថានភាព សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ (សហជីព) ទាំងមូលទូទាំងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្នសហជីពមូលដ្ឋាននៅតាមបណ្ដារោងចក្រសហគ្រាសនៅកម្ពុជា មានការកើនឡើងជាង៣ពាន់សហជីពមូលដ្ឋានក្នុងឆ្នាំ២០១៦ ដល់ជាង៦ពាន់នៅក្នុងឆ្នាំ២០២៤។ ការកើនឡើងនៃសហជីពមូលដ្ឋាននេះ សបញ្ជាក់ថាកម្ពុជាមានសេរីភាពសហជីពពេញលេញ គ្មានការរើសអើង ផ្ទុយស្រឡះពីរបាយការណ៍របស់អង្គការសង់ត្រាល់។
ជាងនេះទៅទៀត សកម្មភាពអង្គការ សង់ត្រាល់ ដែលបានធ្វើកន្លងមក គឺមានភាពលម្អៀង រើសអើង មិនយុត្ដិធម៌ មិនស្នើភាព តែងតែរំលោភបំពានជ្រៀតជ្រែកលើកិច្ចការជំនាញរបស់អង្គការវិជ្ជាជីវៈ(សហជីព) ទាំងដែលអង្គការនេះ មិនមានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបញ្ជាក់ថាជាអង្គការវិជ្ជាជីវៈឡើយ។ កន្លងមកអង្គការសង់ត្រាល់នេះ បានធ្វើសកម្មភាពជាច្រើនរំលោភសិទ្ធិកិច្ចការងាររបស់អង្គការវិជ្ជាជីវៈដែលហៅថាសហជីព។
យើងខ្ញុំស្នើសុំឱ្យអង្គការ សង់ត្រាល់ បញ្ឈប់ធ្វើសកម្មភាពនេះជាបន្ទាន់ និងសង្ឃឹមយ៉ាងមុតមាំថា អង្គការ សង់ត្រាល់ នឹងបានឃើញ ហើយពិចារណាឡើងវិញអំពីសកម្មភាពរបស់ខ្លួនដែលបានធ្វើកន្លងមក។
យើងខ្ញុំទាំងអស់គ្នាសូមស្នើសុំស្ថាប័នពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេត ចំពោះជំនួយដែល អង្គការ សង់ត្រាល់ ទទួលមកធ្វើសកម្មភាពរំលោភបំពានមកលើសិទ្ធិអង្គការវិជ្ជាជីវៈ ដោយអនុវត្ដន៍មិនស្មើភាព និងរើសអើង។ល។