(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាអនុប្រធានតំណាងភាគីកម្មករនិយោជិត នៃគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី លើសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្ដរជាតិខាងការងារ(ILO) នៅសណ្ឋាគារ Oakwood Premier Phnom Penh។
សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ព្រមទាំងអង្គភាពក្រោមឱវាទក្រសួង និងអង្គការដៃគូពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ១៣៥រូប។
ក្នុងឱកាសនោះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាអនុប្រធានតំណាងភាគីកម្មករនិយោជិត បានលើកឡើងថា៖ សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពនិងសុខភាពការងារ នាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ដោយបានបើក ឱកាសឲ្យគ្រប់ភាគីពាក់ព័ន្ធ បានចូលរួមចំណែកនៅក្នុងការផ្តល់នូវធាតុចូលនានា ដើម្បីធ្វើជាពង្រាងច្បាប់មួយដែលធានាបាននូវគុណប្រយោជន៍ក៍ដូចជាធានាបាននូវសុខភាព និងសុវត្ថិភាពការងារ សម្រាប់កម្មករ និយោជិតរបស់យើង។
លោកក៏បានបន្ថែមទៀតថា៖ ការបង្កើតច្បាប់នេះក៍ជាសក្ខីភាពមួយទៀតនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខភាព និងសុវត្ថិភាពរបស់កម្មករ និយោជិតបន្ថែមលើ យន្តការ និងគោលនយោបាយជាតិសំខាន់ៗដែលមានស្រាប់ជាច្រើនទៀត។