• English
  • ភាសាខ្មែរ
  • Chinese

សហជីពកម្ពុជា-ចិន បើកជំនួបទ្វេភាគី និងរៀបចំបទបង្ហាញចែករំលែកជំនាញផ្នែកចិញ្ចឹមត្រី និងវាយនភណ្ឌ ដល់សមាជិកចូលរួមផ្ទាល់ និងតាមអនឡាញជាង ១៦០ នាក់


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានរៀបចំជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំ NACC និងគណៈប្រតិភូមជ្ឈមណ្ឌលកម្មករចិនសម្រាប់ផ្លាស់ប្តូរអន្តរជាតិ (CWCIE) នៃសហព័ន្ធសហជីពចិន (ACFTU) ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប និងជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករនិយោជិត។


ក្នុងជំនួបទ្វេភាគីជាមួយគណៈប្រតិភូ CWCIE ដែលដឹកនាំដោយឯកឧត្តម Wu Chuanhua អគ្គលេខាធិការរង និងជាប្រធានប្រតិភូ ឯកឧត្តម គឹម ចាន់សំណាង ប្រធាន NACC បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាង NACC ជាមួយ ACFTU និង CWCIE បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១១ និងបានឈានដល់ការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) នៅឆ្នាំ២០១៧ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។


ឯកឧត្តមប្រធាន NACC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាមិត្តចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដឹកជញ្ជូនដល់ NACC ចំនួន ៦ លើកកន្លងមក រួមមាន រថយន្តក្រុងចំណុះ ៣៥ កៅអី ចំនួន ២ គ្រឿង សម្ភារៈបង្ការ និងឧបករណ៍តេស្តជំងឺកូវីដ-១៩ ម៉ាស់សរុបជាង ១ លានបន្ទះ កញ្ចប់សម្ភារៈសិក្សា ព្រមទាំងប្រអប់បាយ និងដបទឹកក្តៅចំនួន ៥,០០០ ឈុត។ ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សហជីពនៃប្រទេសទាំងពីរនឹងឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីពង្រីកការបណ្តុះបណ្តាលរយៈពេលខ្លី និងវែងបន្ថែមទៀត។


ជាមួយគ្នានេះ ឯកឧត្តម សួង ហួត ទីប្រឹក្សាជាន់ខ្ពស់ NACC បានរំលេចអំពីប្រវត្តិនៃទំនាក់ទំនងការទូតកម្ពុជា-ចិន ចាប់តាំងពីឆ្នាំ១៩៥៨ រហូតដល់ការបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រឆកោណ»។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាអ្នកវិនិយោគធំបំផុតនៅកម្ពុជា ដោយក្នុងវិស័យកាត់ដេរសម្លៀកបំពាក់មានអ្នកវិនិយោគចិនរហូតដល់ ៨០%។ ក្នុងនាម NACC ឯកឧត្តមក៏បានប្រកាសជាថ្មីនូវជំហរគាំទ្រគោលនយោបាយចិនតែមួយដោយឥតងាករេ។


ឆ្លើយតបនឹងការស្វាគមន៍ដ៏កក់ក្តៅនេះ ឯកឧត្តម Wu Chuanhua តំណាងគណៈប្រតិភូចិន បានកោតសរសើរចំពោះតួនាទីរបស់ NACC ដែលមានសមាជិកប្រមាណ ៥៨ ម៉ឺននាក់ ក្នុងការការពារសិទ្ធិស្របច្បាប់ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីអនុវត្តតាមឯកភាពរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងជំរុញការអនុវត្តអនុស្សរណៈស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកម្មករចិន-កម្ពុជា។


បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី ភាគីចិនបានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍បច្ចេកទេសជាក់ស្តែង ដោយមានការអញ្ជើញចូលរួមធ្វើបាឋកថាពីសំណាក់អ្នកជំនាញបច្ចេកទេសឆ្នើម (ពលករគំរូ) របស់ចិន ចំនួន ២ រូប ផ្តោតសំខាន់លើ ការចិញ្ចឹមត្រី (វារីវប្បកម្ម) និង វិស័យវាយនភណ្ឌ។ កម្មវិធីធ្វើបទបង្ហាញនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានសិក្ខាកាម និងតំណាងសហជីពចូលរួមដោយផ្ទាល់នៅទីស្នាក់ការ NACC ចំនួន ៦០ នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom) ចំនួនជាង ១០០ នាក់ សំដៅជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស និងអភិវឌ្ឍធនធានមនុស្សស្របតាមតម្រូវការជាក់ស្តែងនៅកម្ពុជា។