• English
  • ភាសាខ្មែរ
  • Chinese

លោក ឡាយ សំអូន ចុះជួបសំណេះសំណាលជាមួយសមាជិកសហជីព និងផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពមូលដ្ឋាន

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក ឡាយ សំអូន ជាអនុប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនីជាសមាជិក សមាជិកាសហជីពទឹកចិត្ដកម្មករកម្ពុជា 
នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក ដែលមានទុក្ខធុរៈ ស្ថិតនៅភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន ក៏បានផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃសមាជិកសហជីពដែលទទួលបាន ព្រមទាំងពីលទ្ធផលក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អ៊ីស្ដក្រោន ទទួលបានក្រោយពីការសម្របសម្រួលនៃការដោះស្រាយ និងសំណូមពរមួយចំនួន។

លោក ឡាយ សំអូន ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ថ្មីៗរបស់ ប.ស.ស សម្រាប់បងប្អូនកម្មករដែលសម្រាកលំហែរមាតុភាព គឺពេលទៅពិនិត្យផ្ទៃពោះនឹងទទួលថវិការត្រលប់មកវិញចំនួន ៨០,០០០រៀល រហូតដល់កូនអាយុ២ឆ្នាំ។ ម្យ៉ាងវិញទៀតសម្រាលកូននៅមន្ទីពេទ្យដៃគូ ប.ស.ស គឺមិនចំណាយថវិការឡើយ ថែមទាំងទទួលបានថវិការត្រលប់មកវិញដែរ គឺសម្រាលបានកូន១ នឹងទទួលបានថវិកាចំនួន ៨០០,០០០រៀលទៀតផង។
 
លោក ឡាយ សំអូន ក៏បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់បងប្អូនកម្មករចំនួន ១៦នាក់ ដែលម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១២០,០០០រៀល រួមមាន÷
១,អ្នកមានផ្ទៃពោះចំនួន ១០នាក់ ថវិកាចំនួន ១,២០០,០០០រៀល
២,អ្នកមានជំងឺធ្ងន់ចំនួន ៦នាក់ ថវិកាចំនួន ៧២០,០០០រៀល
សរុបថវិកាឧបត្ថម្ភមានចំនួន ១,៩២០,០០០រៀល៕