ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្ដិថ្កោលទោស ទណ្ឌិត សម រង្ស៊ី
យើងខ្ញុំជាថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងឱ្យកម្មករនិយោជិតចំនួនជាង៤០,៧៧៥ នាក់ នៅក្នុងវិស័យវាយនភ័ណ្ឌ សូមប្រកាសថ្កោលទោសយ៉ាងដាច់ខាត ចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លៃកាពិត និងញុះញង់តាមបណ្តាញសង្គមចំពោះការបង្ហោះផ្សារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ ដោយបានចោទប្រកាន់ថា ការរៀបចំពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ជាការរៀបចំផលិតរូបភាពក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល។
យើងខ្ញុំ បានយល់ឃើញថា ការលើកឡើង របស់ ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្ករឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដែលជាអំពើល្មើសច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ទនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស និងសូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការអោយបានតឹងរឹងបំផុត តាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ដោយមិនអាចលើកលែងអោយបានឡើយ។
ក្នុងរយៈពេលដែលបង្កើតរាជរដ្ឋាភិបាលថ្មីរហូតមកទល់បច្ចុប្បន្ននេះ យើងខ្ញុំ ក៏បានកត់សម្គាល់ឃើញថា រាជរដ្ឋាភិ បាលកម្ពុជា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នេះឡើង ដោយមានបងប្អូនប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ បានចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនដូចជាការចោទប្រកាន់ ដែលផ្ទុយពីការពិត របស់ ទណ្ឌិត សម រង្ស៊ី នោះឡើយ។
ក្នុងនាមយើងខ្ញុំតំណាងអោយបងប្អូនជាសមាជិក-សមាជិកា នៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការដែលប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។