• English
  • ភាសាខ្មែរ
  • Chinese

ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត

(ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។

ពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ប្រារព្ធឡើងក្រោមសហអធិបតីភាពរបស់ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុប ១,៤០៤នាក់។

លោក លី វិចិត្រ ប្រធានសហភាពសហជីពកម្មករកម្ពុជា និងជាអនុប្រធានគណ:កម្មាធិការជាតិ សុខភាព និងសុវត្ថិភាពការងារបានគសបញ្ជាក់ពីគុណសម្បត្តិពីការប្រើប្រាស់បញ្ញាសិប្បនិមិត្ម (AI) គឺអាចបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ក៏ដូចជាជំរុញផលិតភាពការងារបានច្រើន ព្រមទាំងអាចធ្វើការងារលើសពី៨ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្ដាហ៍។ ជាងនេះទៅការប្រើបញ្ញាសិប្បនិមិត្ម (AI) ក្នុងកន្លែងការងារ ដោយកំណត់ system គឺវាអាចបង្កើនលទ្ធភាពការងារបានល្អ  និងទាន់ពេល ។

លោក លី វិចិត្រ បានបន្ថែមថា ថ្វីត្បិតតែវាមានគុណសម្បត្តិច្រើន ក៏ប៉ុន្តែវាក៏មានគុណវិប្បតិក្នុងនោះផងដែរ ដូចជា: កាត់បន្ថយការងាររបស់កម្មករ ដែល AI កំពុងផ្លាស់ប្ដូរមុខរបរ និងបង្កើតភាពអត់ការងារធ្វើដល់មនុស្សជាច្រើន ម៉្យាងវិញទៀត AI នេះគឺមិនមានភាពច្នៃប្រឌិត និងគ្មានការកែលម្អ គឺវានៅតែពឹងផ្អែកតែលើគំរូ ឬរូបមន្ដដែលមនុស្សបានបង្កើតឡើងតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិមិត្ម AI នេះគឺវាមានការចំណាយខ្ពស់ទៀតផង។

គួររំឭកដែរថា កម្ពុជាបានរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ជាលើកដំបូង នៅឆ្នាំ២០០៥ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។ សម្រាប់ឆ្នាំ២០២៥នេះ គឺជាខួបលើកទី២០ នៃទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ៕

Related posts