• English
  • ភាសាខ្មែរ
  • Chinese

សហជីពកម្ពុជាបានចូលរួមសិក្ខាសាលា ស្ដីពីការអនុវត្តបច្ចេកទេស AI ក្នុងការផលិតឧបករណ៍ផ្សព្វផ្សាយ ដែលរៀបចំដោយ អគ្គសហព័ន្ធពលករវៀតណាម(VGCL)

ទីក្រុងហូជីមិញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូ ៣១នាក់ ដែលជាថ្នាក់ដឹកនាំសំខាន់ៗនៃសភាសម្ព័ន្ពសហជីពជាតិកម្ពុជា (NACC) និងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) បានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីកម្មវិធីការអនុវត្តបច្ចេកទេស AI ក្នុងការផលិតឧបករណ៍ផ្សព្វផ្សាយ ដែលរៀបចំឡើងដោយអគ្គសហព័ន្ធពលករវៀតណាម(VGCL)។

ថ្លែងមតិក្នុងពិធីបើកកម្មវិធីបណ្ដុះបណ្ដាល លោក Huynh Thanh Xuan អនុប្រធានអគ្គសហព័ន្ធពលករ វៀតណាម(VGCL) បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃបញ្ញាសិប្បនិមិត្ត ដែលបានបង្កើត ការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅលើគ្រប់វិស័យ។ សម្រាប់វិស័យប្រព័ន្ធផ្សព្វផ្សាយ AI មិនត្រឹមតែជាបច្ចេកវិទ្យាជំនួយប៉ុណ្ណោះទេ ប៉ុន្ដែវាពិតជាបានក្លាយទៅជាធនធានថ្មីមួយ ដោយផ្លាស់ប្ដូរវិធីដែលព័ត៌មានត្រូវបានបង្កើតចែកចាយ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព។ AI នឹងជួយបង្កើនប្រសិទ្ធភាព កាត់បន្ថយពេលវេលា និងការចំណាយ កែលម្អគុណភាពនៃផលិតប្រព័ន្ធផ្សព្វផ្សាយ និងបង្កើនសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងគ្នា​ ជាពិសេសយើងអាចប្រើបានជាមួយសមាជិកសហជីព និងកម្មករតាមរយៈបណ្ដាញសង្គមទៀតផង។

លោក សួង ហួត ទីប្រឹក្សាជាន់ខ្ពស់នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានជម្រាបជូនអំពីសកម្មភាពមួយចំនួនរបស់សហជីពនៅកម្ពុជា។ លោកក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង ជិតស្និទ្ធរវាងអគ្គសហព័ន្ធពលករវៀតណាម(VGCL) និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ហើយបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់អគ្គសហព័ន្ធពលករវៀតណាម(VGCL) តាមរយៈការបណ្ដុះបណ្ដាលដល់មន្រ្តីសហជីពកម្ពុជា។ លោក សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្ដល់ចំណេះដឹង និងជំនាញជាក់ស្ដែងដល់សិក្ខាកាមប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរក្នុងយុគសម័យឌីជីថល រួមនឹងការខិតខំបំពេញភារកិច្ចរបស់អង្គការសហជីពនៃប្រទេសនីមួយៗ។

លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ និងរបបប៉ុលពត ដ៏ឃោរឃៅក្នុងឆ្នាំ ១៩៧៩ និងបានរួមចំណែកដែលមិនអាចកាត់ថ្លៃបានសម្រាប់អាយុជីវិតរបស់ប្រជាជនកម្ពុជា។


លោក ឈិន សូនី ក៏បានស្នើដល់សិក្ខាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ ចូលរួមក្រោកឈគោរពវិញ្ញាណក្ខន្ធ ទាហានស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងដំណើរការរំដោះប្រជាជនកម្ពុជាពីអំពើប្រល័យពូជសាសន៍។
លោក ឈិន សូនី ក៏បានជម្រាបជូនអំពីសកម្មភាពមួយចំនួនរបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អគ្គសហព័ន្ធពលករវៀតណាម(VGCL)ក្នុងការលើកកម្ពស់គុណវុឌ្ឍិរបស់សហជីពកម្ពុជា។

Related posts