កណ្ដាល៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល បានចុះអនុសញ្ញារួមជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា និង សហជីពទឹកចិត្ដយុវជនកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា, លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា និងអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។
នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគី។
បន្ថែមទៀត ឯកឧត្ដម ក៏បានសង្កត់ធ្ងន់លើកអត្ថប្រយោជន៍ ប.ស.ស ដែលបងប្អូនកម្មករនិយោជិតទទួលបានជាច្រើនសម្បូរបែប បើប្រៀបធៀបពីពេលកន្លងមក៕