• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ ហ្វូតវ៉ែ ផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់កម្មករ-កម្មការិនី សម្រាលកូន និងមានជំងឺ ចំនួន ០៩នាក់

ភ្នំពេញ៖ នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងការចង្អុលបង្ហាញពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និង លោក ឡាយ សំអូន អនុប្រធានសហព័ន្ធ, លោក សុខ វណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ្វូតវ៉ែ ឯ.ក រួមជាមួយក្រុមការងារ បានរៀបចំពិធីប្រគល់ប្រាក់ឧបត្ថម្ភជូនដល់បងប្អូនកម្មករ-កម្មការិនី ដែលជាសមាជិកសហជីព ចំនួន ០៩នាក់ នៅទីតាំងរោងចក្រផ្ទាល់ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបែងចែកថវិកាឧបត្ថម្ភជាក់ស្តែង

ពិធីប្រគល់ថវិកានេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលការលំបាក និងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករ-កម្មការិនី ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០ រៀល សរុបជាថវិកាមានចំនួន ១,០៨០,០០០ រៀល (មួយលាន ប៉ែតសិបពាន់រៀលគត់) ក្នុងនោះរួមមាន៖

  • កម្មការិនីសម្រាលកូន៖ ចំនួន ០៥ នាក់ (ថវិកាសរុប ៦០០,០០០ រៀល)
  • កម្មករ-កម្មការិនីសម្រាកព្យាបាលជំងឺ៖ ចំនួន ០៤ នាក់ (ថវិកាសរុប ៤៨០,០០០ រៀល)

ការយកចិត្តទុកដាក់ និងការថ្លែងអំណរគុណ

ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅ លោក សុខ វណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ្វូតវ៉ែ ឯ.ក បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក លី វិចិត្រ ប្រធានសហព័ន្ធ និង លោក ឡាយ សំអូន អនុប្រធានសហព័ន្ធ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិក។

ទន្ទឹមនឹងនេះ តំណាងសហជីពមូលដ្ឋានក៏បានគោរពជូនពរដល់ថ្នាក់ដឹកនាំសហព័ន្ធ ព្រមទាំងបងប្អូនសមាជិកទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សំណាងល្អ និងមានសុខភាពល្អបរិបូរណ៍គ្រប់ៗគ្នា៕