កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ & ជេ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមការងារ បានអញ្ជើញផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់បងប្អូនកម្មករ-កម្មការិនី សរុបចំនួន ១២នាក់។ ក្រុមហ៊ុនខាងលើនេះ មានអាសយដ្ឋានស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

ការផ្ដល់ជូនប្រាក់ឧបត្ថម្ភនាឱកាសនោះ គឺដើម្បីចូលរួមត្រេកអរ ក៏ដូចជាជួយសម្រាលបន្ទុកជីវភាពបងប្អូនកម្មករ ក្នុងនោះរួមមាន៖ កម្មករនិយោជិតដែលរៀបអាពាហ៍ពិពាហ៍, សម្រាលកូន (លំហែមាតុភាព) និងអ្នកដែលបានជួបគ្រោះថ្នាក់ផ្សេងៗ។ តាមរយៈកាយវិការមនុស្សធម៌នេះ បងប្អូនកម្មករម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៦០,០០០ រៀល សរុបជាទឹកប្រាក់រួមមានចំនួន ៧២០,០០០ រៀល។
.jpg)
ក្នុងឱកាសដ៏រំភើបនិងរីករាយនោះ លោកស្រី ចាន់ ផល្លា ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម លី វិចិត្រ និងបានប្រសិទ្ធពរជ័យជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សំណាងល្អ និងជោគជ័យក្នុងភារកិច្ចការងារគ្រប់ៗគ្នា៕



