• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៃអង្គាសថវិកាជួយសម្រាលទុក្ខគ្រួសារកម្មករដែលបាត់បង់មាតា នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បាននាំយកថវិកាដែលបានមកពីការរៃអង្គាសផ្ដល់ជូនបងប្អូនកម្មករនិយោជិតដែលកំពុងជួបទុក្ខគ្រួសារ។ ក្រុមហ៊ុនខាងលើនេះ មានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

សកម្មភាពមនុស្សធម៌ដ៏មានទឹកចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីជួយសម្រាលការលំបាកដល់កម្មករម្នាក់ឈ្មោះ សយ ត្រា ភេទប្រុស (អត្តលេខ២៩១៧៨ បម្រើការងារផ្នែកលាបទឹកថ្នាំ D2) ដែលទើបតែបានបាត់បង់ម្ដាយជាទីស្រឡាញ់ ទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នៅក្នុងទឹកចិត្តអាណិតស្រឡាញ់ និងសាមគ្គីភាពគ្នានេះ ក្រុមការងារសហជីពបានរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពជួយគ្នាទៅវិញទៅមក ដោយប្រមូលបានថវិកាសរុបចំនួន ៣៥៦,១០០ រៀល និងបានប្រគល់ជូនដល់ដៃគ្រួសាររងគ្រោះដើម្បីចាត់ចែងក្នុងពិធីបុណ្យសព។

ជំនួសមុខឱ្យក្រុមគ្រួសារសព តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំរោងចក្រ ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ ដែលតែងតែលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមតាមសទ្ធាជ្រះថ្លា ក្នុងស្មារតីជួយគ្នាក្នុងគ្រាក្រ ហើយក៏សូមបួងសួងចែករំលែកបុណ្យកុសលនេះ ជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ឱ្យជួបតែសេចក្ដីសុខ សំណាងល្អ និងសេចក្ដីចម្រើនគ្រប់ៗគ្នា៕