• English
  • ភាសាខ្មែរ
  • Chinese

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល”

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល” ក្រោយអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់នាំសហភាពសហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព រួមនិងសិក្ខាកាមសរុប ៣០នាក់ ស្ថិតនៅស្នាក់ការកណ្តាលរបស់សហភាពសហជីពសហជីពសុភមង្គលកម្មករកម្ពុជា នៅខេត្តកណ្តាល ។

លោក យ៉ុន ម៉េងស្រ៊ន់ បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាពរបស់ថ្នាក់ដឹកនាំសហជីព ឱ្យអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានកាន់តែប្រសើរ មានភាពច្នៃប្រឌិត និងឆ្លើយតបទៅនឹងតម្រូវការនៃសង្គមសម័យទំនើប លើកកម្ពស់ជំនាញទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បង្កើនប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងគោលដៅសហជីព ។ ជំរុញការចូលរួម និងការទំនាក់ទំនងជាមួយសមាជិកតាមប្រព័ន្ធឌីជីថល និងជាពិសេស ការប្រើប្រាស់ជំនាញឌីជីថល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺជាតម្រូវការសំខាន់សម្រាប់ថ្នាក់ដឹកនាំសហជីពនាពេលបច្ចុប្បន្ន ។

ជាចុងក្រោយលោកសូមសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជើញជាគណអធិបតី និងផ្តល់ការគាំទ្រដល់វគ្គបណ្តុះបណ្តាលនេះយ៉ាងពេញទំហឹង។

ក្នុងមតិសំណេះសំណាលជាមួយអង្គពិធីទាំងមូល លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក-លោកស្រី ថ្នាក់ដឹកនាំសហព័ន្ធ សហជីព សមាជិកសមាជិកា និងសិក្ខាកាម ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល” នៅព្រឹកនេះ ។

លោកប្រធានបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងឈានចូលទៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) បណ្តាញសង្គម និងប្រព័ន្ធទំនាក់ទំនងអនឡាញ បានដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រប់វិស័យ។  មិនថាវិស័យសាធារណៈ វិស័យឯកជន ឬអង្គការសង្គមស៊ីវិលនោះទេ សុទ្ធតែត្រូវការការសម្របខ្លួន ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរនេះ។

ចំពោះអង្គការសហជីព ការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធឌីជីថល មិនមែនជារឿង  ថ្មីទេ ប៉ុន្តែជាតម្រូវការចាំបាច់។ សហជីពដែលអាចប្រើប្រាស់បច្ចេកវិទ្យាបានល្អ នឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងសមាជិក ផ្សព្វផ្សាយព័ត៌មាន ប្រមូលទិន្នន័យ បង្កើនការទំនាក់ទំនង និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត។

បច្ចេកវិទ្យាឌីជីថល អាចជួយឱ្យសហជីពធ្វើការងារបានលឿន មានតម្លាភាព និងមានប្រសិទ្ធភាពជាងមុន។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំសហជីពនៅក្នុងសម័យថ្មី មិនត្រឹមតែត្រូវមានចំណេះដឹងអំពីច្បាប់ការងារ និងទំនាក់ទំនងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានជំនាញឌីជីថល ជំនាញទំនាក់ទំនងសាធារណៈ ជំនាញដឹកនាំ និងជំនាញគ្រប់គ្រងព័ត៌មានផងដែរ។ លោកប្រធានសហភាព បានឲ្យដឹងបន្ថែមថា ខណៈដែលយើងកំពុងរស់នៅក្នុងសង្គមឌីជីថល យើងក៏ត្រូវយកចិត្តទុកដាក់ចំពោះការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវផងដែរ ។ យើងត្រូវប្រើប្រាស់ព័ត៌មានប្រកបដោយសីលធម៌ គោរពច្បាប់ ជៀសវាងព័ត៌មានក្លែងក្លាយ និងរក្សាសុវត្ថិភាពទិន្នន័យរបស់អង្គការ និងសមាជិក។ លោកបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំសហជីពគួរតែជាគំរូល្អក្នុងការប្រើប្រាស់បណ្តាញសង្គម ប្រើប្រាស់វេទិកាឌីជីថលសម្រាប់ការអប់រំ ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងការកសាងទំនុកចិត្តជាមួយសមាជិក និងសាធារណជន។

ជាចុងក្រោយលោកប្រធានសហជីព សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងក្លាយជាថ្នាក់ដឹកនាំសហជីពដែលមានចក្ខុវិស័យទំនើប មានជំនាញ ឌីជីថលខ្ពស់ និងអាចដឹកនាំអង្គការរបស់ខ្លួនឱ្យសម្រេចបាននូវគោលដៅថ្មីៗ ស្របតាមការវិវត្តរបស់សង្គម និងសេដ្ឋកិច្ចជាតិ ៕

អត្ថបទទាក់ទងដទៃទៀត