រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានរៀបចំ ពិធីអបអរសាទរបុណ្យសែនព្រះខែ នៅទីស្នាក់ការសភាសម្ព័ន្ធសហជីពជាតិកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកគណៈកម្មាធិការកណ្ដាល-NACC តំណាងភាគីចិន អង្គការសង្គមស៊ីវិល សហជីពកម្ពុជា-ចិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។


ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ ការផ្លាស់ប្តូរវប្បធម៌ និងការពង្រឹងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការរួមគ្នារបស់អង្គការសង្គមស៊ីវិល និងសហជីពនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។
ក្នុងពិធីនេះ មានការចូលរួមពីលោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC លោក Liu Wenzhi ប្រធានការិយាល័យតំណាងមូលនិធិ Peaceland ប្រចាំកម្ពុជា និងបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រមទាំងតំណាងសហជីពកម្ពុជា និងភាគីចិនជាច្រើនរូប។
ក្នុងដំណើរការកម្មវិធី បន្ទាប់ពីការថ្លែងសុន្ទរកថារបស់តំណាងសំខាន់ៗ អ្នកចូលរួមបានចូលរួមក្នុង សកម្មភាពអនុវត្តផ្ទាល់នៃការធ្វើនំសែនព្រះខែ ដោយមានការណែនាំអំពីគ្រឿងផ្សំ វិធីធ្វើ និងដំណាក់កាលនៃការរៀបចំនំសែនព្រះខែ។ តំណាងសហជីពកម្ពុជា និងតំណាងភាគីចិនបានចូលរួមធ្វើនំរួមគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់ និងប្រពៃណីនៃពិធីបុណ្យសែនព្រះខែ។
ក្រៅពីនេះ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ក៏បានចូលរួមក្នុងសកម្មភាព ទទួលទាននំសែនព្រះខែរួមគ្នា ដែលជាផ្នែកមួយនៃការចែករំលែកវប្បធម៌ និងបង្កើតបរិយាកាសនៃមិត្តភាព និងសាមគ្គីភាព។ កម្មវិធីក៏បានបញ្ចប់ដោយការថតរូបអនុស្សាវរីយ៍រួមគ្នា។
ការរៀបចំពិធីអបអរសាទរបុណ្យសែនព្រះខែនេះ បានបង្កើតឱកាសសម្រាប់តំណាងសហជីព និងអង្គការសង្គមស៊ីវិលកម្ពុជា-ចិន ជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីប្រពៃណីវប្បធម៌របស់គ្នាទៅវិញទៅមក ស្របតាមគោលបំណងនៃកម្មវិធីដែលផ្តោតលើ មិត្តភាព សាមគ្គីភាព ការចែករំលែក និងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។

















