រាជធានីភ្នំពេញ ៖ សហជីពនៅកម្ពុជា តំណាងបងប្អូនកម្មករនិយោជិត បង្ហាញ ការសាទរ ចំពោះ កិច្ចព្រមព្រៀង កម្ពុជា - ថៃ ដែល បង្ហាញ ពី ជោគជ័យ ក្នុងកិច្ចខិតខំ ប្រឹងប្រែង របស់ រាជរដ្ឋាភិបាល តាម រយៈ យុទ្ធសាស្ត្រ ស្ងាត់ តែ មិន ស្ងៀម បាន នាំ យក សន្តិភាព ពិតប្រាកដ ជូនជាតិមាតុភូមិ ។
លោក លី វិចិត្រ ប្រធាន សហភាពសជីពសុភមង្គលកម្មករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកា សហភាពសហជីពសុភមង្គលកម្មករកម្ពុជាCCWF ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេស ពិតជាមានមោទនភាព និងសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមពល នាំមកវិញនូវសន្តិភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនជាតិ និងប្រជាជនកម្ពុជា តាមរយៈ យុទ្ធសាស្ត្រ ស្ងាត់ តែមិនស្ងៀម ដែល ទទួលបានជោគជ័យ ក្នុងការ បញ្ចប់សង្គ្រាម រវាង ប្រទេសកម្ពុជា និង ថៃ ហើយនាំ មកនូវព្រំដែនសន្តិភាព ជូន ប្រទេសទាំងពីរបានយ៉ាងល្អប្រសើរបំផុត ។

លោក អ៊ុន ដារ៉ា ប្រធាន សហភាពសហជីពកម្ពុជាពន្លឺកម្មករ រក្សា បានបង្ហាញក្តីសោមនស្សរីករាយ នៅ ពេលទទួលដំណឹងថា កម្ពុជា - ថៃ បានចុះ កិច្ចព្រមព្រៀង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ នៅប្រទេស ម៉ាឡេស៊ី ប្រកបដោយផ្លែផ្កាយ៉ាងល្អ។ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលលើកនេះ មិនត្រឹមតែធ្វើឱ្យមានសន្តិភាពតាមព្រំដែននោះ វារឹតតែធ្វើឱ្យអ្នកវិនិយោគនៅកម្ពុជាមានទំនុកចិត្ត ល្អប្រសើរឡើងជាងមុន។

លោក ឡាយ ផល្លី ប្រធាន សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានថ្លែងថា៖ « ការ ចុះ កិច្ចព្រមព្រៀង នេះ ខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជាយើង នឹងទទួលបាន សុខសន្តិភាព គ្រប់កាលៈទេសៈ ។ ខ្ញុំមើលឃើញថា យុទ្ធសាស្ត្រស្ងាត់ តែមិនស្ងៀម របស់ សម្តេចធិបតី គឺ បានបញ្ហាញថា បញ្ហាព្រំដែន គឺ គាត់មិនស្ងៀមទេ គាត់ ព្យាយាមធ្វើការចរចារ ដោះស្រាយសម្របសម្រួល ដោះស្រាយគ្រប់ពេលវេលាទាំងអស់ » ។




 
				 
													 
													 
													