• English
  • ភាសាខ្មែរ
  • Chinese

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជាផ្ញើសារអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) យើងខ្ញុំទាំងអស់គ្នាសូមចូលរួមជាមួយប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងរាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវអំណរសាទរយ៉ាងក្រៃលែងចំពោះការសម្រេចបានសមិទ្ធផលសំខាន់ៗជូនជាតិ និងប្រជាជន រួមមាន សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដែលបានប្រព្រឹត្តទៅនា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី

សមិទ្ធផលគួរឱ្យស្ញប់ស្ញែងនេះមិនត្រឹមតែបង្ហាញដល់សហគមន៍ជាតិ និងអន្តជាតិអំពីសមត្ថភាព និងភាពជាអ្នកដឹកនាំប្រកបដោយថាមវន្តរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញទៅ កាន់សកលលោកនូវភាពចាស់ទុំខាងនយោបាយ និងកិត្យានុភាពរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ ដែលស្រលាញ់ ជឿជាក់ និងតម្កល់តម្លៃខ្ពស់លើសន្តិភាព ក្នុងការនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិ របស់ខ្លួន ព្រមទាំងបន្តរួមចំណែកដល់ការកសាងតំបន់ និងសកលលោកប្រកបដោយវឌ្ឍនភាពភាព សុខដុមរមនា និងមិត្តភាពឈរលើគុណតម្លៃនៃសន្តិភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។

យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តប្រកបដោយស្មារតីស្នេហាជាតិដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារតស៊ូយ៉ាងស្វិតស្វាញទាំងលើសមរភូមិប្រយុទ្ធ និងសមរភូមី ការទូត រហូតសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

យើងខ្ញុំទាំងអស់គ្នាពិតជាមានក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដ៏ត្រចះត្រចង់នេះនឹងដើរតួនាទី ជាចលករយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីឈានទៅដោះស្រាយបញ្ហា ផ្សេងៗទៀត ជាមួយភាគីថៃផ្អែកតាមច្បាប់ជាតិ និងអន្ដរជាតិ ព្រមទាំងផ្តល់កាលានុវត្តភាពដល់កម្ពុជាក្នុងការបន្ត ដំណើរនៅលើមាគ៌ាអភិវឌ្ឍរបស់ខ្លួនឈានទៅសម្រេចបានគោលដៅដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធី នយោបាយរបស់រាជ    រដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសមាន ចំណូលខ្ពស់។

ជាថ្មីម្ដងទៀត ជាមួយនឹងអំណរសាទរប្រកបដោយមោទនភាពនេះ យើងខ្ញុំទាំងអស់គ្នាសូម គោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក សមាជិកា នៃរាជរដ្ឋាភិបាល សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជ័យជំម្នះលើ គ្រប់ភារកិច្ចក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ៕

អត្ថបទទាក់ទងដទៃទៀត