កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ិនធើណេសិនណល (ខេអេច) ឯ.ក បានជួបប្រជុំពិភាក្សាជាមួយមន្រ្ដីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដកំពង់ស្ពឺ និងខាងក្រុមហ៊ុន ដើម្បីពិនិត្យមើលលើការព្យួរកិច្ចសន្យាការងារកម្មករ កម្មការិនី ក្នុងក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ិនធើណេសិនណល (ខេអេច) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
នាឱកាសនោះ ក្រុមហ៊ុនក៏បានពន្យល់អំពីស្ថានភាពជាក់ស្ដែងរបស់ក្រុមហ៊ុន ទៅកាន់មន្រ្ដីពាក់ព័ន្ធ និងតំណាងសហជីពឱ្យបានដឹងលឺ ព្រោះបច្ចុប្បន្នក្រុមហ៊ុនខ្វះអ្នកបញ្ជាទិញ និងការបញ្ជាទិញពុំមានគ្រប់គ្រាន់ ដែលជាហេតុមិនអាចឱ្យសង្វាក់ផលិតកម្មដំណើរការបាន។ ក្រុមហ៊ុនសម្រេចចិត្ដធ្វើការព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិតចំនួន ៧២៦នាក់ (ស្រី ៥៤៧នាក់) ក្នុងចំណោមកម្មករនិយោជិតសរុប ១,០៧៣នាក់ (ស្រី ៧៩១នាក់) រយៈពេលព្យួរចំនួន ៤៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ក្នុងរយៈពេលព្យួរកិច្ចសន្យាការងារ ក៏មានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ិនធើណេសិនណល (ខេអេច) ឯ.ក ជាមួយតំណាងកម្មករ និងតំណាងសហជីពដោយយល់ព្រមក្នុងលក្ខខណ្ឌដូចខាងក្រោម៖
១. ក្នុងកំឡុងពេលព្យួរការងារ កម្មករ និយោជិត ក្រុមហ៊ុនបានឯកភាពផ្ដល់ជូន ៤០%នៃប្រាក់ខែគោលរបស់កម្មករនិយោជិតនីមួយៗ
២. ក្រុមហ៊ុនយល់ព្រមបើកប្រាក់ឈ្នួលមុនពេលព្យួរកិច្ចសន្យាការងារជូនកម្មករ និយោជិតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣៕