ភ្នំពេញ៖ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការសហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំគណៈកម្មាការប្រតិបត្តិនៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជាប្រជុំប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីរៀបចំការងារសំដៅឱ្យមានប្រសិទ្ធិភាព និងលទ្ធផលកាន់តែប្រសើរជាងឆ្នាំនេះ។
ក្នុងឱកាសនោះ ឧត្ដម លី វិចិត្រ បានលើកឡើងថាការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យអង្គភាពកាន់តែរឹងមាំុ។ បច្ចុប្បន្ននេះមានការផ្ដល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករប្រសើរជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលចុះសួរសុខទុក្ខកម្មករកម្មការិនីកន្លងមក ដូចនេះអត្ថប្រយោជន៍ដែលទទួលបានទាំងនេះ ត្រូវព្យាយាមផ្សព្វផ្សាយដល់សមាជិក និងស្វែងយល់បន្ថែមពីបទបញ្ញតិថ្មីទៀត។ ធ្វើយ៉ាងណាឱ្យបងប្អូនកម្មករយល់ឱ្យកាន់តែច្បាស់ ដើម្បីបញ្ជៀសការធ្វើកូដកម្មទាមទារណាមួយដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ទាំងសងខាង គឺខាងថៅកែ និងខាងកម្មករ។
ឯកឧត្ដមក៏បានណែនាំទៅដល់គ្រប់គោលដៅទាំងអស់ត្រូវបន្ដការពិភាក្សាជាមួយក្រុមហ៊ុនក្នុងការធ្វើភាពជាតំណាងបំផុត (MRS) និងអនុសញ្ញារួម (CBA) ដើម្បីជាប្រយោជន៍ដល់បងប្អូនកម្មករ៕