ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនជាសមាជិកសហជីពនៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ីនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្ដម ក៏ចូលរួមអបអរសាទរចំពោះបងប្អូនស្រ្ដីដែលមានផ្ទៃពោះ និងបងប្អូនទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។ ឯកឧត្ដម ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ ប.ស.ស ដែលបងប្អូនកម្មករកម្មការិនីគ្រប់រូបទទួលបានជាច្រើន ជាពិសេសស្រ្ដីមានផ្ទៃពោះ គឺមានការគាំពាយ៉ាងយកចិត្ដទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល គឺសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល, កូនភ្លោះ ២ ទទួលបាន ១,២០០,០០០រៀល និងកូនភ្លោះ ៣ ទទួលបាន ១,៦០០,០០០រៀល ព្រមទាំងទៅពិនិត្យផ្ទៃពោះមុនសម្រាល និងក្រោយសម្រាលសរុបចំនួន ១៤លើក ដោយក្នុង១លើកទទួលបានថវិកាចំនួន ៨០,០០០រៀលទៀតផង។
មិនត្រឹមតែរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ប៉ុណ្ណឹងទេ សហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អ៉ីស្ដក្រោននេះ ក៏ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកចំនួន ១២០,០០០រៀល ក្នុងម្នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម លីវិចិត្រ និងលោក ឡាយ សំអូន បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភ ដល់បងប្អូនកម្មករកម្មការិនីចំនួន ១៧ នាក់ ដែលម្នាក់ៗទទួលបានថវិកា១២០,០០០រៀល រួមមាន÷
១, អ្នកមានផ្ទៃពោះ ចំនួន ១២នាក់
២, អ្នកសម្រាលកូនហើយ ចំនួន ១នាក់
៣, អ្នករៀបការ ចំនួន ២នាក់
៤, អ្នកឈឺធ្ងន់ ចំនួន ២នាក់
សរុបថវិកាមានចំនួន ២,០៤០,០០០រៀល