កំពង់ស្ពឺ៖ នៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស ថ្មីៗ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ទៅដល់សហគ្រាស និងថ្នាក់ដឹកនាំសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
ឯកឧត្តម លី វិចិត្រ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីថែទាំ សុខភាព គឺជាអត្ថប្រយោជន៍បន្ថែមទៀតដល់បងប្អូនកម្មករ និងសមាជិកក្នុងបន្ទុកគ្រួសារ និងកាត់បន្ថយការចំណាយមួយផ្នែកទៀតរបស់បងប្អូន និងគ្រួសារក្រីក្រ ព្រមទាំងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស។
ម្យ៉ាងវិញទៀតនេះជាចំនុច អាទិភាពនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីធានាបាននូវមូលធនមនុស្សប្រកបដោយគុណភាព និងសុខភាពល្អ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានស្នើសុំបងប្អូន ជួយផ្សព្វផ្សាយកម្មវិធីនេះដល់សមាជិកខ្លួន ជាពិសេសអាចផ្សព្វផ្សាយទៅដល់បងប្អូននៅតាមភូមិដែលខ្លួនរស់នៅ៕