កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា លោក ឌី សំបាន និងក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេកស្ថាយ ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដួចផ្ដើមរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីក្នុងរោងចក្រ ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស វឿន បឿន អត្តលេខ AJ00941 បម្រើការងារផ្នែកដេរ ក្រុម B ដែលកំពុងត្រូវការជំនួយ និងការគាំទ្រពីមិត្តរួមការងារ។
តាមរយៈការចូលរួមប្រកបដោយស្មារតីសប្បុរសធម៌ និងការចែករំលែកក្ដីស្រឡាញ់ពីសំណាក់កម្មករ-កម្មការិនីជាច្រើននាក់ ថវិកាដែលប្រមូលបានសរុបមានចំនួន ១៦៩,៧០០ រៀល។ ទោះបីជាចំនួនទឹកប្រាក់មិនធំធេងក៏ដោយ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ពីតម្លៃនៃសាមគ្គីភាព ការយកចិត្តទុកដាក់ និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ការងារ។
សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារលើកទឹកចិត្ត និងបង្ហាញពីវប្បធម៌នៃការចេះស្រឡាញ់ រាប់អាន និងរួមសុខរួមទុក្ខគ្នារវាងបងប្អូនកម្មករ ដែលតែងតែឈរជាមួយគ្នានៅក្នុងគ្រប់កាលៈទេសៈ។
ក្នុងឱកាសនេះ ក្រុមការងារសហជីព សូមសម្ដែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធាន ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្ត។ ទឹកចិត្តដ៏ថ្លៃថ្លានេះ គឺជាគំរូដ៏ល្អនៃសាមគ្គីភាព មនុស្សធម៌ និងការចែករំលែក ដែលជួយពង្រឹងភាពរឹងមាំ និងភាពកក់ក្តៅនៅក្នុងគ្រួសារកម្មករទាំងមូល។





