សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុងវី ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកសម្រាលកូន
(តាកែវ)៖ កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) តំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល ជូនដល់សមាជិកសហជីពចំនួន ០១រូប ដែលបានសម្រាកមាតុភាព (សម្រាលកូន)។ សកម្មភាពនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងក្រុមការងារសហជីព ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិកគ្រប់ពេលវេលា៕
សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ ចុះឧបត្ថម្ភថវិកាជូនសមាជិករៀបការ និងសម្រាលកូន
(កណ្តាល)៖ លោក ស៊ីម ឧត្តម ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារនៃសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានផ្ដល់ប្រាក់ឧបត្ថម្ភសរុបចំនួន ១៨០,០០០រៀល ជូនដល់សមាជិកសហជីពចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៩០,០០០រៀល។ សកម្មភាពនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ។ ចំពោះសមាជិកដែលទទួលបានថវិកាឧបត្ថម្ភនាពេលនេះ រួមមានសមាជិករៀបអាពាហ៍ពិពាហ៍ចំនួន ០១នាក់ និងសមាជិកសម្រាលកូនចំនួន ០១នាក់។ ក្នុងឱកាសប្រគល់ថវិកានោះ តំណាងសហជីពប្រចាំក្រុមហ៊ុនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លី វិចិត្រ និងលោក ឡាយ សំអូន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនីជាសមាជិក ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ និងសុខភាពល្អជាភិយ្យោភាព៕
សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក។ ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកគ្រួសារលោកស្រី ជុំ លក្ខិណា (អត្តលេខ ៧៩៧៨ ផ្នែកទឹកថ្នាំ A1) ដែលត្រូវជាស្វាមីបង្កើតបានទទួលមរណភាព។ ថវិកាដែលប្រមូលបានសរុបចំនួន ៣២២,០០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។ តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមថវិកាតាមសទ្ធា និងសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕


