• English
  • ភាសាខ្មែរ
  • Chinese

ឯកឧត្ដម គឹម ចាន់សំណាង ប្រធាន ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរៀបចំចែកសម្ភារៈ ចានស្រាក់ ដបទឹកក្ដៅ និងម៉ាស ជូនថ្នាក់ដឹកនាំសហជីពមូលដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម គឹម ចាន់សំណាង ប្រធាន ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរៀបចំចែកសម្ភារៈ ចានស្រាក់ ដបទឹកក្ដៅ និងម៉ាស ជូនថ្នាក់ដឹកនាំសហជីពមូលដ្ឋាននៃសមាជិកសហព័ន្ធសហជីព របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចំនួន ៥៧នាក់ ដែលមកពី ១៩ រោងចក្រ-សហគ្រាស នៅទីស្នាក់ការកណ្ដាលរបស់ NACC ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចែកជូនសម្ភារៈទាំងនេះ មានការចូលរួមពី ឯកឧត្ដម សួង ហួត ទីប្រឹក្សាជាន់ខ្ពស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា, ឯកឧត្តម លី វិចិត្រ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា​ និងជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងបងប្អូនថ្នាក់ដឹកនាំសហជីពមូលដ្ឋានទាំង១៩រោងចក្រ-សហគ្រាស។

នាក្នុងឱកាសនោះ ឯកឧត្ដម គឹម ចាន់សំណាង ក៏បានលើកឡើងថា សម្ភារៈទាំងនេះគឺជាជំនួយដ៏ថ្លៃថ្លារបស់សហជីពទូទាំងប្រទេសចិន ផ្ដល់ជូនដល់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC សម្រាប់ចែកជូនដល់បងប្អូន។ ការចែកជូនចានស្រាក់ ដបទឹកក្ដៅ និងម៉ាស នេះ គឺជាសកម្មភាពមួយ ដែល NACC តែងតែផ្សាភ្ជាប់ក្នុងការលើកកំពស់បរិស្ថានស្អាត ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងលើកកំពស់ដល់សុខភាពក្នុងកន្លែងការងារ និងការរស់នៅរបស់បងប្អូនកម្មករ៕