• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរបានឧបត្ថម្ភគ្រួសារភៀសសឹកចំនួន២៨គ្រួសារ ដែលបានភៀសខ្លួនមកពីខេត្តផ្សេងៗ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតកពី លោកជំទាវ ហង់ លីណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរ ឯកឧត្តម លី វិចិត្រ អនុប្រធានក្រុមការងារថ្នាក់កណ្ដាល, លោក ឡាយ ផល្លី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល លោក អ៊ីន សារ៉ន អនុប្រធានក្រុមការងារថ្នាក់ខេត្ត  និងក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរ បានអញ្ជើញចូលរួមសួសុខទុក្ខគ្រួសារភៀសសឹកចំនួន ២៨គ្រួសារ ភៀសខ្លួនមកពីខេត្តផ្សេងៗដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានថៃមកលើទឹកដីកម្ពុជា ហើយបច្ចុប្បន្នកំពុងស្នាក់នៅក្នុងមូលដ្ឋានឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានឧបត្ថម្ភជាសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ពួកគាត់ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លី វិចិត្រ អនុប្រធានក្រុមការងារថ្នាក់កណ្ដាល បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់លោកជំទាវ ហង់ លីណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរ និងជាពិសេសការយកចិត្តទុកដាក់បំផុតពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដល់ពលរដ្ឋភៀសសឹកទាំងអស់។

ឯកឧត្តមក៏បានលើកឡើងពីល្បិចកលដ៏ពិសពុល និងអាក្រក់បំផុតរបស់ភាគីថៃ ដែលតែងតែឈ្លានពាន និងប៉ុនប៉ងយាយីបង្កសង្គ្រាមជាមួយកម្ពុជា បណ្តាលឲ្យវីរៈកងទ័ពខ្មែរយើង និងប្រជាពលរដ្ឋស្លូតត្រង់ស៊ីវិលមួយចំនួនបាត់បង់ជីវិត ខ្លះរងរបួស និងមានជនភៀសរាប់ម៉ឺននាក់ត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែងរបស់គាត់គួរឲ្យអាណិតអាសូរណាស់ ។

ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា សង្រ្គាមលើកនេះ បានបង្ហាញ និងឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស និងបង្ហាញពីទឹកចិត្តស្រឡាញ់អាណិតដល់កងទ័ព និងជនភៀសសឹក ថែមទាំងស្ម័គ្រចិត្តធ្វើជាកម្លាំងទ័ពជួរក្រោយ ក្នុងការគាំទ្រលើកទឹកចិត្ត និងរួមគ្នាឧបត្ថម្ភជាសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមទាំងថវិការតាមលទ្ធភាពរបស់ពួកគាត់។

ទន្ទឹមនេះ ឯកឧត្តម ក៏បានដឹងគុណ និងកោតសរសើរនូវវីរភាព និងស្មារតីដ៏អង់អាចរបស់កងទ័ពជួរមុខដែលបានតស៊ូ ពលី លះបង់ ដើម្បីការពារទឹកដីកម្ពុជាពីពួកខ្មាំងសត្រូវ។

ឯកឧត្តមបានបញ្ជាក់បន្ថែមអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទាំងយុទ្ធសាស្រ្តការទូត និងយុទ្ធសាស្រ្តការពារជាតិគ្រប់យន្តការ ដើម្បីតតាំងជាមួយភាគីឈ្លានពានថៃ។

ជាចុងក្រោយឯកឧត្តមក៏បានអំពាវនាវសុំឱ្យពលរដ្ឋត្រូវបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការការពារប្រជាពលរដ្ឋនិងបូរណភាពទឹកដីកម្ពុជា។

 សូមបញ្ចាក់ជាក់ថាសម្ភារៈគ្រឿងឧបភោគបរិភោគឧបត្ថម្ភក្នុងមួយគ្រួសារទទួលបានរួមមាន៖

 ១. ​អង្ករ ២៥គីឡូ

២. មី ១កេស

៣. ទឹកត្រី ១យួរ

៤.​​ ទឹកស៊ីអ៊ីវ ១យួរ

៥. ត្រីខ ១យួរ

៦. អំបឹល ១កញ្ចប់

៧. ស្កសរ ១កញ្ចប់

៨.​ បីចេង ១កញ្ចប់

៩. ប្រេងឆា ១ដប រួមនិងថវិកា ៥០,០០០៛ ៕

អត្ថបទទាក់ទងដទៃទៀត