កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោក វេត វី និងក្រុមការងារសហជីពមូលដ្ឋាននៃក្រុមហ៊ុន ខាយ ណេង លេឌើរប្រូដាក់ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនបងប្អូនកម្មកររងគ្រោះ និងក្រុមគ្រួសារសព។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ទៅលើរថយន្តដឹកកម្មករនៅក្នុងខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យកម្មករ-កម្មការិនីចំនួន ៩នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមកម្មកររងគ្រោះសរុបទាំងអស់ចំនួន ៥៣នាក់។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់សហជីព ទៅចែកជូនដល់បងប្អូនកម្មកររងគ្រោះដែលជាសមាជិកសហជីពមូលដ្ឋាន ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០ រៀល (សរុបថវិការួមចំនួន ៣៦០,០០០ រៀល) ដើម្បីជួយសម្រាលការលំបាកមួយផ្នែក។
ឆ្លៀតក្នុងទិដ្ឋភាពដ៏ក្តុកក្តួលនោះដែរ លោក វេត វី ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក៏ដូចជាសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ លោក លី វិចិត្រ ជូនចំពោះក្រុមគ្រួសារនៃសព។ ជាមួយគ្នានោះ លោកក៏បានប្រសិទ្ធពរជ័យដល់បងប្អូនកម្មករដែលកំពុងរងរបួសទាំងអស់ ឱ្យបានឆាប់ជាសះស្បើយពីរបួសស្នាម មានសុខភាពល្អបរិបូរណ៍ឡើងវិញ ដើម្បីបានត្រឡប់មកជួបជុំក្រុមគ្រួសារ និងបន្តការងារប្រកបរបរចិញ្ចឹមជីវិតជាធម្មតាវិញក្នុងពេលឆាប់ៗខាងមុខនេះ៕





