• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី Christina Hajagos-Clausen ថ្នាក់ដឹកនាំសហជីពសកល IndustriALL អញ្ជើញជួបសំណេះសំណាល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពសហជីពសុភមង្គលកម្មករកម្ពុជា

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលជាសមាជិកនៃ IndustriALL Global Union បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Christina Hajagos-Clausen នាយិកាផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងស្បែក (TGSL) នៃ IndustriALL Global Union និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចដោយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកស្រី Christina Hajagos-Clausen និងគណៈប្រតិភូ បានជួបសំណេះសំណាល និងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំសហជីព ស្តីពីស្ថានភាពការងារ សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហជីពក្នុងស្រុក និងសហជីពសកល ដើម្បីលើកកម្ពស់សុខុមាលភាព និងសិទ្ធិការងាររបស់កម្មករឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកស្រី Christina Hajagos-Clausen បានសម្តែងនូវក្តីរំភើប និងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅពីសំណាក់លោក លី វិចិត្រ និងថ្នាក់ដឹកនាំសហជីពទាំងអស់។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយសាមគ្គីភាព ដែលបានរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសហជីពសុភមង្គលកម្មករកម្ពុជា សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និង IndustriALL Global Union ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀតនាពេលអនាគត៕

អត្ថបទទាក់ទងដទៃទៀត