• English
  • ភាសាខ្មែរ
  • Chinese

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងសហព័ន្ធសហជីព តំណាងបងប្អូនកម្មករ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្រ្តី

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងសហព័ន្ធសហជីព តំណាងបងប្អូនកម្មករ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្រ្តីលើការប្តឹងទៅកាន់តុលាការអន្តរជាតិជុំវិញបញ្ហាព្រំដែនជាមួយថៃដើម្បីជម្រះឱ្យដាច់ស្រេច

(ភ្នំពេញ)៖ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា, សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា, សហព័ន្ធសហជីពទឹកចិត្តយុវជកម្ពុជា, សហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា, សហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា​ និងសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា នៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាដែលនឹងលើកយកបញ្ហាព្រំដែននៅតំបន់មុំ៣ ប្រសាទតាមាន់តូច ប្រសាទតាមាន់ធំ ប្រសាទតាក្របីទៅកាន់តុលាការអន្តរជាតិ(ICJ)ដើម្បីជម្រះឱ្យដាច់ស្រេចជាមួយនឹងភាគីថៃ។

ក្រោយការប្រកាសរបស់នាយកដ្ឋមន្ត្រីភ្លាម លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា មានសមាជិកជាង៤ម៉ឺននាក់  បានចេញញាតិគាំទ្រ និងពេញចិត្តចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលដែលបង្ហាញជំហរដ៏ម៉ឺងម៉ាត់ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។

លោកបានបញ្ជាក់ថា៖«ក្នុងនាមខ្ញុំតំណាងឱ្យបងប្អូនកម្មករជាង៤ម៉ឺននាក់  ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ»

ជាមួយគ្នានេះ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយលោកបានចាត់ទុកថា នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយនៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

លោកបានបញ្ជាក់ថា៖«ក្នុងនាមថ្នាក់ដឹកនាំសហជីព ខ្ញុំសូមប្រកាសគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង»

បន្ថែមពីនេះ លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដាក់ពាក្យបណ្តឹងជុំវិញព្រំដែនខ្មែរក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ។

លោកបញ្ជាក់ថា៖«ខ្ញុំបាទសូមគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលនឹងដាក់ពាក្យបណ្តឹងជុំវិញព្រំដែនខ្មែរក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ។ ចំណាច់ការរបស់សម្តេចបង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដីដែនអធិបតីជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយមករំលោភបំពានបានឡើយ»

ការចេញសារគាំទ្ររបស់សហជីពតំណាងកម្មករនៅកម្ពុជានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីជំហរដ៏ម៉ឺងម៉ាត់ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ដែលបានធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕

អត្ថបទទាក់ទងដទៃទៀត