កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ពិធីចុះអនុសញ្ញារួម (CBA) រវាងសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅទីតាំងរោងចក្រ ស្ថិតក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានអញ្ជើញចូលរួមធ្វើជាសាក្សីពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និង លោក LI YANBING នាយកក្រុមហ៊ុន មីឡានណា លេឌើវែរ។ ព្រមទាំងមានការចូលរួមពី លោក លាន ឆវ័ន្ត តំណាងសហជីពសកល IndustriAll ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ប្រតិភូបុគ្គលិក និងតំណាងកម្មករ និយោជិតជាច្រើនរូបទៀត។
លោក លី វិចិត្រ បានឱ្យដឹងថា ការចុះអនុសញ្ញារួម (CBA) នាពេលនេះ ធ្វើឡើងក្នុងគោលបំណងធានានូវទំនាក់ទំនងវិជ្ជាជីវៈល្អប្រសើររវាងនិយោជក និងសហជីព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត ព្រមទាំងកែលម្អលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង។ តាមរយៈអនុសញ្ញានេះ និយោជកត្រូវទទួលស្គាល់សិទ្ធិសហជីព ដោយមិនមានការរើសអើង ឬសងសឹកចំពោះសកម្មភាពសហជីពឡើយ ហើយត្រូវអនុវត្តលក្ខខណ្ឌ CBA នេះចំពោះកម្មករនិយោជិតទាំងអស់នៅក្នុងសហគ្រាស។
តាមរយៈកិច្ចព្រមព្រៀង CBA នេះ កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមាន៖ ការដំឡើងប្រាក់ឈ្នួល និងការកំណត់ប្រាក់រង្វាន់ផ្សេងៗ, ច្បាប់ឈប់សម្រាកពិសេស និងការបន្ថែមច្បាប់មាតុភាព, កិច្ចសន្យាការងារក្រោយសាកល្បងយ៉ាងតិច ៦ខែ ព្រមទាំងការរក្សាទុកនូវអត្ថប្រយោជន៍ដែលមានស្រាប់ ប្រសិនបើអត្ថប្រយោជន៍នោះល្អជាងអ្វីដែលមានកំណត់ក្នុង CBA។
បន្ថែមពីនេះ លោកប្រធានសហព័ន្ធសហជីព បានសង្កត់ធ្ងន់ថា CBA នេះផ្តោតសំខាន់លើសមភាពយេនឌ័រ ការប្រឆាំងការរើសអើង ការទប់ស្កាត់ការបៀតបៀន និងការធានាសុវត្ថិភាពនៅកន្លែងធ្វើការ។ ក្នុងករណីមានកម្ដៅខ្លាំង ឬហានិភ័យធ្ងន់ធ្ងរនៅកន្លែងធ្វើការ និយោជកត្រូវចាត់វិធានការការពារជាបន្ទាន់ ហើយកម្មករមានសិទ្ធិដកខ្លួនចេញពីស្ថានភាពគ្រោះថ្នាក់ ដោយមិនទទួលរងការសងសឹក ឬពិន័យណាមួយឡើយ។
ចំពោះយន្តការដោះស្រាយវិវាទការងារ CBA បានកំណត់ឱ្យដោះស្រាយតាមលំដាប់ថ្នាក់ ចាប់ពី កម្រិតរោងចក្រ \rightarrow គណៈកម្មការទ្វេភាគី \rightarrow គណៈកម្មការគ្រប់គ្រងរួម (JMC) \rightarrow យន្តការផ្លូវច្បាប់/ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីចៀសវាងការប្រើវិធានការឯកភាគី។ ក្នុងនោះ JMC នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យការអនុវត្ត CBA និងមានសិទ្ធិចាត់វិធានការចំពោះភាគីណាដែលមិនគោរពតាមកិច្ចព្រមព្រៀង។
លោក លី វិចិត្រ បានគូសបញ្ជាក់ជាចុងក្រោយថា CBA នេះអាចសរុបន័យខ្លីថា៖ «ជាឧបករណ៍ផ្លូវច្បាប់ក្នុងការផ្តល់អត្ថប្រយោជន៍បន្ថែមដល់កម្មករ ការពារសិទ្ធិសហជីព និងសុវត្ថិភាពការងារ ខណៈដែលកំណត់យន្តការច្បាស់លាស់សម្រាប់ការគ្រប់គ្រង និងដោះស្រាយវិវាទ ដើម្បីរក្សាសុខដុមរមនាក្នុងទំនាក់ទំនងការងារ»។
ពិធីចុះអនុសញ្ញារួមនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងតំណាងកម្មករ និងភាគីនិយោជក ក្នុងគោលដៅរញុញច្រានសហគ្រាសឱ្យកាន់តែរីកចម្រើន និងមានស្ថិរភាពការងារប្រកបដោយចីរភាព៕
















