កណ្ដាល៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន អេហ្វអិមអេហ្វ មេនូហ្វេកធើរីង ឯ.ក ស្ថិតនៅភូមិបត្ដាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានចុះអនុសញ្ញារួមជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងអគ្គនាយកក្រុមហ៊ុន អេហ្វអិមអេហ្វ មេនូហ្វេកធើរីង ឯ.ក ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។
នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគី។
បន្ថែមទៀត ឯកឧត្ដម ក៏បានសង្កត់ធ្ងន់លើកអត្ថប្រយោជន៍ ប.ស.ស ដែលបងប្អូនកម្មករនិយោជិតទទួលបានជាច្រើនសម្បូរបែប បើប្រៀបធៀបពីពេលកន្លងមក៕