ខេត្តតាកែវ៖ តំណាងសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៀបចំកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌ ដើម្បីជួយដល់កម្មការិនីម្នាក់ដែលកំពុងជួបប្រទះជីវភាពខ្វះខាត និងមានកូនធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមការឱ្យដឹងពី លោក គឹម ទី តំណាងលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ តំណាងសហជីពបាននាំយកថវិកាដែលប្រមូលបានពីការស្ម័គ្រចិត្តរបស់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រ សរុបចំនួន ១៥៣,១០០ រៀល ទៅប្រគល់ជូនកម្មការិនីឈ្មោះ តូច កូឡាប (អត្តលេខ ៧០៧៤១) បម្រើការងារនៅផ្នែក QC នៃក្រុមហ៊ុន ចុងវុី (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ តំណាងសហជីពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងកិច្ចសហការពីសំណាក់បងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមចំណែកចែករំលែកជួយគ្នានៅពេលជួបទុក្ខលំបាក ព្រមទាំងបានជូនពរឱ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ និងទទួលបានផលបុណ្យស្មើៗគ្នា។



