• English
  • ភាសាខ្មែរ
  • Chinese

ថ្នាក់ដឹកនាំការងារ និងសហជីព ចុះជួបសំណេះសំណាលកម្មករ ខណៈរោងចក្រ W & J និង Fast Making កំពុងពង្រីកការជ្រើសរើសកម្លាំងពលកម្មបន្ថែមជាង ១,០០០នាក់

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានអញ្ជើញចូលរួមជាមួយលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនអតីតពលករមកពីប្រទេសថៃ បងប្អូនជនភៀសសឹក និងបងប្អូនកម្មករ-កម្មការិនី មកពីបណ្ដាខេត្តនានា ដែលកំពុងបម្រើការងារនៅរោងចក្រ W & J និងរោងចក្រ Fast Making ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ និងអង្គការសហជីព ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនី ដែលបានវិលត្រឡប់មកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកចូលរួមប្រមាណជិត ១,០០០នាក់។

លោក ចឹក បូរីន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់បងប្អូនកម្មករ-កម្មការិនី ឱ្យយកចិត្តទុកដាក់ក្នុងការបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយវិន័យ ការទទួលខុសត្រូវ និងការគោរពបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ។ លោកក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះលក្ខខណ្ឌការងារ សុវត្ថិភាពការងារ និងអត្ថប្រយោជន៍សង្គមរបស់កម្មករ-កម្មការិនី។

ជាពិសេស លោកបានពន្យល់អំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស) ដែលកម្មករ-កម្មការិនីទទួលបាន ដូចជា ការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យ និងគ្លីនិកជាដៃគូ ប្រាក់ឧបត្ថម្ភពេលសម្រាកព្យាបាល ការឧបត្ថម្ភពេលសម្រាលកូន ការឧបត្ថម្ភគ្រោះថ្នាក់ការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលជាការធានាសុខុមាលភាព និងសុវត្ថិភាពសង្គមសម្រាប់បងប្អូនកម្មករ-កម្មការិនី។

យោងតាមការបញ្ជាក់ពីភាគីរោងចក្រ បច្ចុប្បន្ន រោងចក្រ W & J និងរោងចក្រ Fast Making មានកម្មករ-កម្មការិនីសរុបប្រមាណ ៤,៥០០នាក់ កំពុងបម្រើការងារជាប្រចាំ។ ទន្ទឹមនឹងនេះ ដោយសារតម្រូវការផលិតកម្ម និងការពង្រីកខ្សែសង្វាក់ផលិតកម្ម រោងចក្រទាំងពីរកំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ១,០០០នាក់ ដើម្បីបំពេញតម្រូវការការងារចំពោះមុខ។

ឆ្លៀតក្នុងកាសនោះ លោក លី វិចិត្រ ក៏បានសម្ដែងការសាទរជាមួយបងប្អូនពលករ និងបងប្អូនជនភៀសសឹក និងបងប្អូនកម្មករដែលមកពីបណ្ដាខេត្តនានា ដែលបានមកធ្វើការនៅរោងចក្រចក្រនេះ លោកបន្ថែមទៀតថា ការបង្កើតឱកាសការងារក្នុងស្រុក គឺជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ លោកក៏បានលើកទឹកចិត្តឱ្យបងប្អូនកម្មករ-កម្មការិនី បន្តរក្សាវិន័យការងារ សាមគ្គីភាព និងការគោរពបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ ដើម្បីធានាបាននូវបរិយាកាសការងារល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំ និងភាគីរោងចក្រ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងលក្ខខណ្ឌការងារ បង្កើនសុវត្ថិភាពការងារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ-កម្មការិនី ឱ្យកាន់តែល្អប្រសើរឡើង។

ទន្ទឹមនឹងនេះ ភាគីរោងចក្រក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន អតីតពលករ និងអ្នកកំពុងស្វែងរកការងារ ឱ្យមកដាក់ពាក្យបម្រើការងារនៅរោងចក្រ W & J និង Fast Making ខណៈរោងចក្រកំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ១,០០០នាក់។ ភាគីរោងចក្របានអះអាងថា កម្មករ-កម្មការិនីដែលចូលបម្រើការងារ នឹងទទួលបានប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស) និងលក្ខខណ្ឌការងារស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទងដទៃទៀត