ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ុន ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន្ទ ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមការងារ បានរៀបចំកម្មវិធីរៃអង្គាសបច្ច័យពីបងប្អូនកម្មករ ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា។
បច្ច័យដែលរៃអង្គាសបានសរុបចំនួន ២០០,០០០ រៀល ត្រូវបានប្រគល់ជូនតាមរយៈប្អូនស្រី ឡេ សេងហួរ (អត្តលេខ LR5429QD ដែលជាសមាជិកសហជីព) ដើម្បីនាំយកទៅប្រគេនដល់ព្រះសង្ឃគង់នៅ វត្តព្រៃជុំ។ បច្ច័យទាំងអស់នេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងកិច្ចការកសាងវត្តអារាម ដូចជាការទិញដីចាក់បំពេញទីធ្លាសាលារៀនក្នុងវត្តដែលរងការលិចទឹកជាដើម។
ក្នុងឱកាសនោះ ក្រុមការងារសហជីពមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានជ្រះថ្លាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងស្មារតីសាមគ្គីភាព និងការជ្រះថ្លាក្នុងការទ្រទ្រង់ពុទ្ធសាសនា។




