• English
  • ភាសាខ្មែរ
  • Chinese

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល» របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យ

នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល» ក្រោមអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហភាព ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងសិក្ខាកាមសរុបចំនួន ៣០នាក់ នៅស្នាក់ការកណ្តាលរបស់សហភាព ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។


ថ្លែងក្នុងពិធីបិទ លោក ឡាយ ផល្លី អនុប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យាឌីជីថលដល់ថ្នាក់ដឹកនាំសហជីព ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត ស្របតាមការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។

លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ដោយបានបញ្ជាក់ថា សិក្ខាកាមទទួលបានទាំងចំណេះដឹងទ្រឹស្តី និងជំនាញអនុវត្តជាក់ស្តែង ដែលអាចយកទៅប្រើប្រាស់ក្នុងការងារនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសាមគ្គីភាព និងលើកកម្ពស់ប្រសិទ្ធភាពការងារសហជីពឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះ។ លោកបានលើកឡើងថា ការបណ្តុះបណ្តាលប្រកបដោយគុណភាព ទាមទារឱ្យមានការរៀបចំយ៉ាងយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាព ចាប់ពីទីកន្លែង បន្ទប់សិក្សា គ្រូឧទ្ទេស មុខវិជ្ជាឯកទេស និងមេរៀនដែលមានគុណភាព។ លោកបានកោតសរសើរចំពោះការជ្រើសរើសមុខវិជ្ជាឌីជីថល ដែលជាចំណេះដឹងដ៏សំខាន់ និងស្របតាមនិន្នាការអភិវឌ្ឍន៍ពិភពលោក ព្រមទាំងកោតសរសើរចំពោះលោក លី វិចិត្រ ដែលបានយកចិត្តទុកដាក់ និងជំរុញការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពឱ្យស្របតាមយុគសម័យឌីជីថល។ លោកក៏បានសម្តែងក្តីរំពឹងថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពអង្គការសហជីព និងលើកកម្ពស់ផលប្រយោជន៍របស់កម្មករ និយោជិតនៅកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះគណៈកម្មការរៀបចំ គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយជោគជ័យ។ លោកបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់ចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំសហជីព ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសង្គមឌីជីថល។
លោកប្រធានបានអំពាវនាវឱ្យសិក្ខាកាមទាំងអស់ បន្តសិក្សាស្រាវជ្រាវ អភិវឌ្ឍជំនាញឌីជីថល និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងអង្គការសហជីពឱ្យមានភាពរឹងមាំ និងអាចបម្រើផលប្រយោជន៍របស់សមាជិកបានកាន់តែមានប្រសិទ្ធភាព។

 

ក្នុងឱកាសនោះ លោកប្រធានក៏បានផ្តល់អនុសាសន៍ថា៖

«សហជីពរឹងមាំ ចាប់ផ្តើមពីថ្នាក់ដឹកនាំដែលមានចក្ខុវិស័យ ចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើសមាជិកដោយប្រសិទ្ធភាព»។


ជាទីបញ្ចប់ លោកប្រធានបានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំ គ្រូឧទ្ទេស ដៃគូសហការ និងសិក្ខាកាមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ។ ពិធីបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងប្រកបដោយភាពជោគជ័យ ដោយសិក្ខាកាមបានប្តេជ្ញាយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តជាក់ស្តែង ដើម្បីរួមចំណែកអភិវឌ្ឍចលនាសហជីព និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ និយោជិតនៅកម្ពុជា។

អត្ថបទទាក់ទងដទៃទៀត