ខេត្តកំពង់ស្ពឺ៖ ទឹកចិត្តអាណិតស្រឡាញ់ និងការចែករំលែក! កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង) បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ឱ សុខនី ជាកម្មការិនីផ្នែកដេរ C6 (អត្តលេខ ១៥៧០៦) ដែលបានជួបទុក្ខក្រៀមក្រំដោយសារកូនទើបនឹងកើតបានទទួលមរណភាព បន្ទាប់ពីសម្រាលដោយការវះកាត់។
នៅក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកាមនុស្សធម៌ដែលបានរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីនៅក្នុងរោងចក្រ សរុបចំនួន ៤០២,៤០០ រៀល ទៅប្រគល់ជូនគ្រួសារសព ដើម្បីជួយសម្រាលបន្ទុក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ។
តំណាងសហជីព ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមគ្នាបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងបានជូនពរឱ្យបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសលស្មើៗគ្នា។










