• English
  • ភាសាខ្មែរ
  • Chinese

រោងចក្រ វេម ហ្វា ចុះហត្ថលេខាលើអនុសញ្ញារួម ពង្រឹងសិទ្ធិ និងបង្កើនអត្ថប្រយោជន៍ជូនកម្មករនិយោជិត

នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញារួម (Collective Bargaining Agreement – CBA) រវាងតំណាងនិយោជក និងសហជីពមូលដ្ឋាន ដោយមានការចូលរួមពីតំណាងសមាគម ACT សហព័ន្ធសហជីពសកល IndustriALL Global Union និងថ្នាក់ដឹកនាំសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CMUF)។

អ្នកចូលរួមក្នុងពិធីនេះរួមមាន លោក Qian ZhiFu តំណាងក្រុមហ៊ុន, លោកស្រី Mira នាយិកាប្រតិបត្តិ ACT, លោកស្រី Christina នាយិកាសកលទទួលបន្ទុកវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងស្បែក (TGSL) នៃ IndustriALL Global Union, លោក នួន វាសនា មន្ត្រីជាន់ខ្ពស់, លោក លី វិចិត្រ ប្រធាន CMUF, លោក ឡាយ ផល្លី មន្ត្រីទំនាក់ទំនង CMUF, និងតំណាងសហជីពមូលដ្ឋានប្រចាំរោងចក្រ វេម ហ្វា។

អនុសញ្ញារួមនេះមានគោលបំណងពង្រឹងសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត តាមរយៈការកែលម្អប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ ការការពារសិទ្ធិសហជីព ការលើកកម្ពស់សមភាពយេនឌ័រ សុខភាព និងសុវត្ថិភាពការងារ ព្រមទាំងការបង្កើតយន្តការដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធភាព។

ចំណុចសំខាន់ៗនៃអនុសញ្ញារួមនេះ រួមមាន ការបន្ថែមប្រាក់ឈ្នួលមូលដ្ឋាន ការផ្តល់ថ្ងៃឈប់សម្រាកពិសេសដោយមានប្រាក់ឈ្នួលពេញ ការបន្ថែមសិទ្ធិឈប់សម្រាកមាតុភាព និងបិតុភាព ការការពារសិទ្ធិសហជីព ការអភិវឌ្ឍជំនាញ និងការពង្រឹងសុវត្ថិភាពនៅកន្លែងធ្វើការ។

ជាពិសេស តាមរយៈឯកសារកែសម្រួលបន្ថែមដែលបានចុះហត្ថលេខានៅថ្ងៃដដែល ភាគីទាំងពីរបានកំណត់កាលបរិច្ឆេទចាប់ផ្តើមអនុវត្តខ្លឹមសារកែសម្រួលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ដែលជាចំណុចសំខាន់ក្នុងការធានាឱ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍តាមកិច្ចព្រមព្រៀង។

ការចុះហត្ថលេខាលើអនុសញ្ញារួមនេះ គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងនិយោជក និងកម្មករនិយោជិត តាមរយៈការចរចាជាសមូហភាព ការគោរពសិទ្ធិទៅវិញទៅមក និងការរួមចំណែកលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ។

ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខា ថ្នាក់ដឹកនាំសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CMUF) និងតំណាងមកពី IndustriALL Global Union ក៏បានចុះទស្សនកិច្ចនៅតាមខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រ WAM FA ដើម្បីស្វែងយល់អំពីដំណើរការផលិតកម្ម បរិយាកាសការងារ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតផ្ទាល់។

ការចុះទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់ភាគីពាក់ព័ន្ធក្នុងការស្វែងយល់បន្ថែមអំពីស្ថានភាពជាក់ស្តែងនៅកន្លែងធ្វើការ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព និងសុខុមាលភាពរបស់កម្មករនិយោជិត។

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CMUF) ក្រោមការដឹកនាំរបស់លោក លី វិចិត្រ ប្រធានសហព័ន្ធ បន្តប្តេជ្ញាចិត្តក្នុងការចូលរួមការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងជំរុញការអនុវត្តអនុសញ្ញារួមនេះឱ្យមានប្រសិទ្ធភាព។

អត្ថបទទាក់ទងដទៃទៀត