រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចាត់មន្រ្ដីសហភាពសហជីព និងបងប្អូនសហជីពប្រចាំមូលដ្ឋានមួយចំនួន យកលិខិតដាក់ចូលទៅលោក មឿន តុលា នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស ហៅកាត់ថា សង់ត្រាល់ ដើម្បីស្នើសុំឱ្យមានការកែតម្រូវនូវរបាយការណ៍ដែលបានចេញផ្សព្វផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងលិខិតនោះ លោក លី វិចិត្រ បានបញ្ជាក់ថា របាយការណ៍ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលខ្លឹមសារនៃរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្ដិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផងប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល ដែលផ្ទុយទាំងស្រុងទៅនិងសភាពជាក់ស្ដែង និងមិនរំលេចទាល់តែសោះនូវសមិទ្ធិផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខណ្ឌការងាររបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា។
លោកបានបញ្ជាក់ថែមទៀតថា ក្នុងករណីបើលោក មឿន តុលា នាយកអង្គការ សង់ត្រាល់ មិនធ្វើការកែតម្រូវតាមការស្នើសុំទេនោះ លោក លី វិចិត្រ នឹងសរសេរលិខិតទៅម្ចាស់ជំនួយ និងក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាពនៃលក្ខន្ដិកៈរបង់អង្គការ សង់ត្រាល់ ព្រមទាំងប្រមូលផ្ដុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាជាទ្រង់ទ្រាយធំ ដើម្បីស្នើសុំឱ្យបិទការិយាល័យរបស់សង់ត្រាល់នេះតែម្ដង៕