ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំបងប្អូនកម្មករនិយោជិតជាច្រើនរូបចូលរួមការធ្វើដំណើរថ្មើរជើង “ព្យុហយាត្រា សាមគ្គី” (Solidarity March) ដើម្បីបង្ហាញការរួមគ្នា ជាងធ្លុងមួយ រវាងកម្មករនិយោជិត គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្ដិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក លី វិចិត្រ បានលើកថា៖ នេះគឺជាការបង្ហាញពីការសាមគ្គីភាព ឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់វិស័យ ជាពិសេសវិស័យកាត់ដេរ យើងឃើញថាមានបងប្អូនកម្មករចូលរួមការធ្វើដំណើរថ្មើរជើងនេះជាដើម ហើយក៏ជាការលើកទឹកចិត្តដល់បងៗកងទ័ពដែលកំពុងឈរជើងនៅជួរមុខផងដែរ។ លោកបន្ថែមទៀតថា ក្នុងនាមលោកតំណាងឱ្យបងប្អូនកម្មករ សូមគាំទ្ររាល់ចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការការពារទឹកដី, យកផលប្រយោជន៍ជាតិជាធំ កម្ពុជាយើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្ដែកម្ពុជាយើងការពារដាច់ខាតមិនឱ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យើងខ្ញុំតំណាងបងប្អូនកម្មករនិយោជិតចូលរួមសាមគ្គី និងប្ដេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ។
គួររំលឹកផងដែរថាកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានសារសំឡេងបែកធ្លាយ កិច្ចសន្ទនាតាមទូរសព្ទរវាងសម្ដេចតេជោ និងលោកស្រី នាយករដ្ឋមន្រ្តីថៃ។ សម្ដេចតេជោ ក៏បានបញ្ជាក់យ៉ាងច្បាស់ៗ សម្រាប់ ជាតិ និងមនោសញ្ចេតនានៃការរាប់អាន មិនអាចផ្សាភ្ជាប់ជាមួយគ្នាបានដាច់ខាត។
សម្ដេចតេជោក៏បានមានប្រសាសន៍ថា “ខ្ញុំយល់ ខ្ញុំអាណិត ប៉ុន្ដែខ្ញុំមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្ញុំទៅដោះដូរជាមួយនឹងការរាប់អានគ្នាបានទេ ព្រោះជាមុខមាត់របស់ប្រទេសកម្ពុជា....”៕