• English
  • ភាសាខ្មែរ
  • Chinese

មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ប្រគល់ជំនួយចាំបាច់ដល់ជនភៀសសឹក ៣០០គ្រួសារ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ (FWC) បានដឹកនាំក្រុមការងារ នាំយកជំនួយសប្បុរសធម៌ ជូនពលរដ្ឋជនភៀសសឹកចំនួន ៣០០គ្រួសារ នៅមណ្ឌលសុវត្ថិភាព ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជំនួយនេះ ដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន និងកម្មករ-កម្មការិនី រួមមាន៖ ស្បៀងអាហារ (អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ស្ករ ប៊ីចេង អំបិល សៀង) និង សម្ភារៈប្រើប្រាស់ចាំបាច់ ផ្សេងៗទៀត។

កម្មវិធីប្រគល់ជំនួយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមួយចំនួន រួមមាន៖

១. ឯកឧត្តម លី សុធា

២. ឯកឧត្តម អ៊ូ រតនា

៣. ឯកឧត្តម អ៊ុន ដារ៉ា

៤. លោក ឡាយ ផល្លី

៥. លោក យ៉ុន ម៉េងស្រ៊ន់

៦. លោកអភិបាលស្រុកអន្លង់វែង

ក្នុងឱកាសនោះ ឯកឧត្តម លី វិចិត្រ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនី និងសប្បុរសជនទាំងអស់ ដែលបានបន្តគាំទ្រដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក តាមរយៈការបរិច្ចាគធនធានទៅតាមលទ្ធភាព។

ជំនួយមនុស្សធម៌នេះ ត្រូវបានប្រគល់ដោយផ្ទាល់ទៅកាន់គ្រួសារជនភៀសសឹក ដោយធានាថា គ្រួសារនីមួយៗទទួលបានជំនួយចាំបាច់សម្រាប់ការរស់នៅបណ្ដោះអាសន្នរបស់ពួកគាត់៕

អត្ថបទទាក់ទងដទៃទៀត