កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះជួបសំណេះសំណាលជាមួយបងប្អូនតំណាងកម្មករសហជីពនៅក្នុងក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានធ្វើជាសាក្សីក្នុងការចុះអនុសញ្ញារួម (CBA) អាណត្តិទី២ រវាង សហជីពទឹកចិត្តកម្មករកម្ពុជា, សហជីពកំលាំងចិត្តកម្មករកម្ពុជា និងក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក។
ឆ្លៀតក្នុងឱកាសនោះ លោក លី វិចិត្រ មិនត្រឹមតែពន្យល់ពីអត្ថប្រយោជន៍នៃអនុសញ្ញារួមទេ ថែមទាំងថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំតាំងពីអាណត្តិសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ចដល់បងប្អូនកម្មករ កម្មការិនី និងជាពិសេសការបន្ដផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃទៅប្រជាពលរដ្ឋទាំងអស់ដោយគ្មានការរើសអើង។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះ សម្ដេចធិបតី បានណែនាំដល់ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវតាមដានឱ្យជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ពលរដ្ឋ ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការរើសអើងចំពោះពលរដ្ឋ និងកម្មករដែលប្រើប្រាស់សេវានេះឡើយ។
ព្រោះយើងដឹងហើយថា ប័ណ្ណ ប.ស.ស គឺមានប្រយោជន៍ច្រើនណាស់សម្រាប់បងប្អូនកម្មករនិយោជិត ទាំងពេលមានជំងឺ សម្រាលកូន និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺ ប.ស.ស ជាអ្នករ៉ាប់រងទាំងអស់៕