ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាត និងការចាត់តាំងពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា, លោក ណាំ បុត្រ រួមជាមួយក្រុមការងារសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) បានចុះនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់សមាជិក-សមាជិកា នៃសហជីពចំនួន ៣ រូប។
សកម្មភាពយកចិត្តទុកដាក់នេះ បានធ្វើឡើងនៅទីតាំងក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) ដែលមានអាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះ ក្រុមការងារសហជីពបានប្រគល់ថវិកាឧបត្ថម្ភចំនួន ៩០,០០០ រៀល ក្នុងមួយម្នាក់ៗ សរុបជាទឹកប្រាក់ចំនួន ២៧០,០០០ រៀល ជូនដល់សមាជិកទាំង ៣ រូប ដើម្បីចូលរួមសម្រួល និងជួយសម្រាលទុក្ខធុរៈមួយផ្នែករបស់បងប្អូនកម្មករ-និយោជិត។
ការផ្តល់ថវិកាឧបត្ថម្ភនាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការឈរនៅក្បែរដង្ហើមរបស់កម្មករ-និយោជិតយ៉ាងជិតស្និទ្ធពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ក្នុងការការពារសិទ្ធិផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកទាំងអស់។




