កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានចុះអនុសញ្ញារួមជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងនាយកក្រុមហ៊ុន មីឡានណា ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។
នាឱកាសនោះ លោក លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមនេះ សំដៅលើភាពជាដៃគូរវាងរឺងមាំ ហើយជាទំនាក់ទំនងផ្លូវការរវាង និងក្នុងចំណោម ភាគីនៃអនុសញ្ញារួមនេះ ក្នុងគោលបំណងកែលម្អទំនាក់ទំនងវិជ្ជាជីវៈ តាមរយ:កិច្ចសហការរវាងនិយោជក និងកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ នៅប្រទេសកម្ពុជា។ អនុសញ្ញារួមនេះ ក៏មានគោលបំណងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករនិយោជិត ដោយគោរពច្បាប់ និងលិខិតបទដ្ឋាន ផ្សេងៗ និងបង្កើនកេរ្តិ៍ឈ្មោះសម្រាប់វិស័យនេះផង។