នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកសម្ភារៈសិក្សា ព្រមទាំងថវិកាឧបត្ថម្ភជូនដល់ អនុវិទ្យាល័យទំព័រមាស ស្ថិតនៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រមាណ ១៣០ នាក់ ឯកឧត្តម លី វិចិត្រ បានផ្តាំផ្ញើ និងក្រើនរំលឹកឱ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រ ទោះបីប្រឈមនឹងការលំបាក ឬឧបសគ្គយ៉ាងណាក៏ដោយ ត្រូវតស៊ូ និងកុំបោះបង់ការសិក្សាចោល។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសិស្សានុសិស្សក្លាយជាទំពាំងស្នងឫស្សី ជាយុវជនល្អសម្រាប់សង្គមជាតិ និងជាកូនល្អដែលជួយលើកស្ទួយជីវភាពគ្រួសារឱ្យមានភាពធូរធារ និងមានកិត្តិយសក្នុងសង្គម ព្រមទាំងចៀសវាងការមិនស្តាប់បង្គាប់ ឬការប្រព្រឹត្តខុសក្នុងសង្គម ដែលនាំឱ្យឪពុកម្តាយអស់សង្ឃឹម ឬជួបទុក្ខលំបាក។ ជាពិសេស ឯកឧត្តមបានផ្តាំផ្ញើឱ្យក្មួយៗ ចៀសវាងការសេពគប់មិត្តភ័ក្តិមិនល្អ និង ដាច់ខាតចៀសវាងការសេពគ្រឿងញៀន ដែលជាគ្រោះថ្នាក់បំផ្លាញអនាគត សុខភាព និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង និងគ្រួសារ។
ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា ជំនួយជាសម្ភារៈ និងថវិកាទាំងនេះ កើតចេញពីការរៃអង្គាសគ្នាតាមលទ្ធភាពរបស់បងប្អូនកម្មកររោងចក្រ រួមជាមួយការចូលរួមចំណែកពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជា តាមរយៈមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ។ ទឹកចិត្តសប្បុរសធម៌នេះ ប្រសូតចេញពីក្តីអាណិតស្រឡាញ់ចំពោះក្មួយៗដែលកំពុងសិក្សា ដើម្បីជួយសម្រាលការខ្វះខាតមួយផ្នែករបស់សិស្សានុសិស្ស និងសាលារៀន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តខិតខំបង្ហាត់បង្រៀនឱ្យអស់ពីសមត្ថភាព ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អនាគតប្រទេសជាតិ។
ជាការឆ្លើយតប អ្នកគ្រូ ជុំ សម្ពស្ស នាយិកាអនុវិទ្យាល័យទំព័រមាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លី វិចិត្រ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ចំពោះការលំបាក និងការខ្វះខាតរបស់សាលា ព្រមទាំងផ្តល់ទាំងសម្ភារៈសិក្សា ថវិកា និងប្រសាសន៍ណែនាំដ៏មានតម្លៃ ជាកម្លាំងចិត្តយ៉ាងធំធេងដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ អ្នកគ្រូនាយិកាក៏បានជូនពរឯកឧត្តម និងក្រុមការងារ ជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ការបែងចែកថវិកា និងសម្ភារៈឧបត្ថម្ភ (ចំណាយថវិកាសរុប ៧,៥០០,០០០ រៀល) មានដូចខាងក្រោម៖
អនុវិទ្យាល័យទំព័រមាស (ទុកប្រើប្រាស់ និងចាត់ចែង)
ថវិកា: ១,០០០,០០០ រៀល
សម្ភារៈ: កាបូបធំ ១០, កាបូបតូច ១០, សៀវភៅ ១០០ ក្បាល, ប៊ិចខៀវ ១០០ ដើម, ប៊ិចក្រហម ១០០ ដើម, បន្ទាត់ ១០០ ដើម និងខ្មៅដៃ ១០០ ដើម
គ្រូបង្រៀន ១០ នាក់ (ក្នុងម្នាក់ៗទទួលបាន)
ថវិកា: ៥០,០០០ រៀល
សម្ភារៈ: កាបូបធំ ១ និងកាបូបតូច ១
សិស្សានុសិស្ស ១៣០ នាក់ (ក្នុងម្នាក់ៗទទួលបាន)
សម្ភារៈ: កាបូបដាក់ប៊ិច-ខ្មៅដៃ ១, ថង់ប្លាស្ទិចដាក់សម្ភារៈសិក្សា ១, សៀវភៅ ៣ ក្បាល, ប៊ិចខៀវ ១, ប៊ិចក្រហម ១ និងបន្ទាត់ ១



















































