កំពង់ស្ពឺ៖ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាត និងការគាំទ្រពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ក្រុមការងារសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី ដែលជាសមាជិកសហជីព ក្នុងគោលបំណងចូលរួមជួយឧបត្ថម្ភដល់ប្អូនស្រី ណន ស្រីពេជ (អត្តលេខ ១១៧៨៥ ផ្នែកដេរ ក្រុម ០៣) ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
តាមរយៈស្មារតីសាមគ្គីភាព ការចែករំលែក និងទឹកចិត្តមនុស្សធម៌ពីបងប្អូនកម្មករនិយោជិតទាំងអស់ ថវិកាសប្បុរសធម៌សរុបចំនួន ២០៧,៤០០ រៀល ត្រូវបានប្រមូល និងនាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាល និងជីវភាពប្រចាំថ្ងៃ។
ក្នុងឱកាសនេះ ក្រុមការងារសហជីព សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភ ដោយបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ភាតរភាព និងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ទង្វើដ៏ប្រពៃនេះ គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ជនរងគ្រោះ និងជាការឆ្លុះបញ្ចាំងពីភាពរួបរួមរឹងមាំរវាងបងប្អូនកម្មករនិយោជិតក្រោមដំបូលសហជីព។




