ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចេញញត្ដិគាំទ្រ ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាប់ផ្ដើមវិធានអនុវត្ដយ៉ាងម៉ឺងម៉ាត់ នៅការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្រ្ដីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕
ក្នុងនាមជាថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងឱ្យកម្មករនិយោជិតចំនួន ជាង៤០,៧៧៥ នាក់ នៅក្នុងវិស័យវាយនភ័ណ្ឌ យើងខ្ញុំសូមធ្វើការគាំទ្រយ៉ាងក្លៀវក្លាចំពោះការដាក់ចេញនូវបទបញ្ជា០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្រ្ដីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើបទបញ្ជានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកស្ទួយមុខមាត់ កិត្តិយស និងភាពស្អាតស្អំរបស់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវដើរតួនាទីជាគំរូដ៏ល្អក្នុងការបម្រើប្រជារាស្រ្ដ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែប៉ះពាល់ដល់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន ជាពិសេស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គម។
ជាថ្មីម្តងទៀត យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងមុតមាំចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងជួរមន្រ្ដីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់ កិច្ចសន្យា ជាពិសេស ធានាថា មិនមានការប្រើប្រាស់ ឬពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នៅក្នុងស្ថាប័នរដ្ឋ។