• English
  • ភាសាខ្មែរ
  • Chinese

លោក ឡាយ សំអូន ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣,៥៧៧,២០០រៀល ជូនសមាជិកសហជីព ប្រចាំក្រុមហ៊ុន អ៉ីស្តក្រោន ហ្វូ៑តវែរ អ៉ិនដាសស្ទ្រី ឯ.ក

ភ្នំពេញ÷ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក ឡាយ សំអូន អនុប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ជួបសំណេះសំណាលជាមួយបងប្អូនថ្នាក់ដឹកនាំសហជីពប្រចាំក្រុមហ៊ុន អ៉ីស្ដក្រោន និងបងប្អូនកម្មករជាសមាជិកសហជីពមួយចំនួន នៅក្រុមហ៊ុន អ៉ីស្តក្រោន ហ្វូ៑តវែរ អ៉ីនដាសស្រ្ទី ឯ.ក  ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

នាឱកាសនោះ លោក ឡាយ សំអូន ក៏ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករជាស្ត្រីដែលមានផ្ទៃពោះនិងបងប្អូនកម្មករទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។

លោក ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ពី ប.ស.ស ដែលបងប្អូនកម្មករកម្មការិនីគ្រប់រូបទទួលបានជាច្រើនជាពិសេសស្ត្រីមានផ្ទៃពោះគឺមានការគាំពាយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលគឺសម្រាកកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល, កូនភ្លោះ២ទទួលបាន១,២០០,០០០រៀល និងកូនភ្លោះ ៣ ទទួលបាន ១,៦០០,០០០រៀល ព្រមទាំងទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយសម្រាលសរុបចំនួន ១៤ លើកដោយក្នុងមួយលើកទទួលបានថវិកាចំនួន ៨០,០០០រៀល ទៀតផង។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន ក៏បានចូលរួមរំលែកទុក្ខដល់លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ីនដាសស្រ្ទី ឯ.ក កាលពីថ្ងៃពី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបងស្រីបង្កើតរបស់លោក បានទទួលមរណៈភាព។

លោក ឡាយ សំអូន តំណាងសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានប្រគល់បច្ច័យបុណ្យជូន លោក សុខ វណ្ណ មានចំនួន ១,៦៥៧,២០០រៀល ដោយបច្ច័យទាំងនោះមានការចូលរួមពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនី ដែលជាសមាជិកសហជីពមានចំនួន ១,២៥៧,២០០រៀល និងខាងសហព័ន្ធសហជីពមានចំនួន ៤០០,០០០រៀល។

លោក ឡាយ សំអូន ក៏បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់បងប្អូនកម្មករកម្មការិនីចំនួន ១៦នាក់ ដែលម្នាក់ៗទទួលបាន ១២០,០០០រៀល សរុបជាថវិកាមានចំនួន ១,៩២០,០០០រៀល ក្នុងនោះរួមមាន៖

, អ្នកមានផ្ទៃពោះ ចំនួន ១៣នាក់

,អ្នកឈឺធ្ងន់ ចំនួន ៣នាក់

សរុបថវិកាទាំងអស់មានចំនួន ៣,៥៧៧,២០០រៀល