
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលរបស់សហភាព ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហភាព លេខាធិការដ្ឋានសហភាព ប្រធានសហព័ន្ធសហជីព និងថ្នាក់ដឹកនាំគ្រប់គ្រងគោលដៅសហជីពជាច្រើនរូប។

ក្នុងឱកាសនោះ លោក លី វិចិត្រ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកអនុវត្តសកម្មភាពការងារនានារបស់សហភាពប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាវិជ្ជមាននាពេលកន្លងមក។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ចំនួនបី រួមមាន៖ ការបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល ការពង្រឹងប្រសិទ្ធភាពការងាររបស់លេខាធិការដ្ឋានសហភាព និងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីព ព្រមទាំងការពង្រីកសមាជិកភាពសហជីពបន្ថែម។
ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពឌីជីថល សហភាពបានសម្រេចរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល» សម្រាប់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំង ៧ ដោយសហព័ន្ធនីមួយៗជ្រើសរើសសិក្ខាកាមចំនួន ៤ រូបចូលរួម។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការការងារក្នុងយុគសម័យបច្ចេកវិទ្យាទំនើប និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការងារសហជីព។


ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានដាក់ចេញនូវវិធានការពង្រឹងការងាររដ្ឋបាល និងលេខាធិការដ្ឋាន ដោយផ្តោតលើការរៀបចំឯកសារ ការសរសេររបាយការណ៍ ការតាមដានព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពសកម្មភាពពីដៃគូពាក់ព័ន្ធនានា ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពទាន់ពេលវេលាក្នុងការអនុវត្តការងារ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងថ្នាក់ដឹកនាំគ្រប់គ្រងគោលដៅ ត្រូវបានជំរុញឱ្យបន្តពង្រឹងការអនុវត្តផែនការសកម្មភាព ការពង្រីកគោលដៅថ្មី ការចុះជួយមូលដ្ឋាន និងការកសាងសាមគ្គីភាពជាមួយមន្ត្រីសហជីព និងសមាជិកនៅតាមរោងចក្រ សហគ្រាសនានា ដើម្បីពង្រឹងការការពារ និងលើកកម្ពស់ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត។
អង្គប្រជុំក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំងអស់ ចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានសកម្មភាពរបស់សហភាព តាមរយៈបណ្តាញទំនាក់ទំនងសង្គមនានា រួមមាន Facebook, Website, TikTok និង YouTube ដើម្បីបង្កើនការយល់ដឹង និងពង្រីកវិសាលភាពនៃការងារសហជីពឱ្យកាន់តែទូលំទូលាយ។
ជាទីបញ្ចប់ លោក លី វិចិត្រ បានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការអនុវត្តការងារតាមផែនការដែលបានដាក់ចេញ ដើម្បីសម្រេចបាននូវគោលដៅ និងលទ្ធផលការងារកាន់តែប្រសើរឡើង សម្រាប់ខែមិថុនា ឆ្នាំ២០២៦ និងពេលខាងមុខ។




